ម៉ូស្គូ៖ កងទ័ពរុស្ស៊ី និងទាហានស៊ីឈ្នួល បានបាញ់កាំភ្លើងធំធ្លាក់លើផ្លូវចូលចុងក្រោយ ទៅកាន់ទីក្រុង Bakhmut ដែលឡោមព័ទ្ធរបស់អ៊ុយក្រែន ដែលនាំឱ្យទីក្រុងម៉ូស្គូ កាន់តែខិតទៅជិតជ័យជម្នះលើកដំបូងរបស់ខ្លួន ក្នុងរយៈពេលកន្លះឆ្នាំបន្ទាប់ពីការប្រយុទ្ធគ្នា យ៉ាងបង្ហូរឈាមបំផុតនៃសង្គ្រាម។
ប្រធានក្រុម Wagner ដែលជាកងទ័ពឯកជនរុស្ស៊ី បានឲ្យដឹងថា ទីក្រុងភាគខាងកើត ដែលត្រូវបានបំផ្លិចបំផ្លាញ ពេលនេះត្រូវបានហ៊ុំព័ទ្ធស្ទើរតែទាំងស្រុង ដោយមានតែផ្លូវមួយប៉ុណ្ណោះ ដែលនៅតែបើក សម្រាប់ទាហានអ៊ុយក្រែន។
ការបាញ់ផ្លោងរបស់រុស្ស៊ីយ៉ាងខ្លាំងក្លាលើផ្លូវ ដែលនាំទៅដល់ភាគខាងលិចនៃទីក្រុង Bakhmut ដែលជាការប៉ុនប៉ងជាក់ស្តែង ដើម្បីរារាំងការចូល និងចេញពីទីក្រុងរបស់កងកម្លាំងអ៊ុយក្រែន។ ស្ពានមួយនៅក្រុង Khromov ដែលនៅជាប់គ្នាត្រូវរងការខូចខាត ដោយការបាញ់ផ្លោងរថក្រោះរបស់រុស្ស៊ី
ទាហានអ៊ុយក្រែនកំពុងធ្វើការជួសជុលផ្លូវ ដែលរងការខូចខាត ហើយទាហានជាច្រើននាក់ទៀតកំពុងឆ្ពោះទៅកាន់ជួរមុខ ជាសញ្ញាមួយបង្ហាញថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួនរួចរាល់ ក្នុងការបោះបង់ចោលទីក្រុង ហើយនៅភាគខាងលិច អ៊ុយក្រែនកំពុងជីកលេណដ្ឋានថ្មី សម្រាប់ទីតាំងការពារ។
មេបញ្ជាការកងកំលាំងជើងគោកអ៊ុយក្រែន លោក Oleksandr Syrskyi បានទៅទស្សនាទីក្រុង Bakhmut កាលពីថ្ងៃសុក្រ ដើម្បីធ្វើបទសម្ភាសន៍ជាមួយមេបញ្ជាការ ក្នុងតំបន់ អំពីរបៀបបង្កើនសមត្ថភាព ការពាររបស់កងកម្លាំងជួរមុខ។
ជ័យជំនះនៅទីក្រុង Bakhmut ដែលមានប្រជាជនមុនសង្រ្គាម ប្រហែល ៧០០០០នាក់ នឹងផ្តល់ឱ្យរុស្ស៊ី នូវរង្វាន់ធំទីមួយនៃការវាយលុករដូវរងាដ៏ថ្លៃ បន្ទាប់ពីវាបានហៅអ្នកបម្រុងរាប់សែននាក់ កាលពីឆ្នាំមុន។ ប្រភពបានឲ្យដឹងថា វានឹងក្លាយជាជំហានមួយ ដើម្បីចាប់យកតំបន់ Donbas ជុំវិញដែលជាគោលដៅសង្គ្រាមរុស្ស៊ីដ៏សំខាន់៕ ប្រែសម្រួល ឈូក បូរ៉ា