ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ធ្វើអធិការកិច្ចតំបន់ជួរមុខអ៊ុយក្រែន ខណៈសមរភូមិទីក្រុង Bakhmut កាន់តែកើនកំដៅ

ម៉ូស្គូ៖ ក្រសួងបានឲ្យដឹងថា រដ្ឋមន្ត្រីការពារជាតិរុស្សី លោក Sergei Shoigu បានអនុវត្តការត្រួតពិនិត្យសមរភូមិជួរមុខ នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលការប្រយុទ្ធគ្នាបានផ្ទុះឡើង ជុំវិញទីក្រុង Bakhmut ភាគខាងកើត។

ក្រសួងការពារជាតិបានឲ្យដឹងថា លោក Shoigu បាន “ត្រួតពិនិត្យប៉ុស្តិ៍បញ្ជាការនៅខាងមុខ” ក្នុងទិសដៅនៃតំបន់ Donetsk ភាគខាងត្បូង ដោយមិនបានបញ្ជាក់ទីកន្លែង ឬពេលវេលាពិតប្រាកដនោះទេ។

ក្រសួងបានចេញផ្សាយវីដេអូ ដែលបង្ហាញពីលោក Shoigu ធ្វើដំណើរតាមឧទ្ធម្ភាគចក្រ បន្ទាប់មកនិយាយជាមួយទាហាន នៅពីមុខអគារដែលរងការខូចខាត។

នៅក្នុងនោះដែរ កងកាំភ្លើងធំរបស់រុស្ស៊ី បានវាយលុកផ្លូវចុងក្រោយចេញពីទីក្រុង Bakhmut ក្នុងគោលបំណង បញ្ចប់ការឡោមព័ទ្ធទីក្រុងអ៊ុយក្រែន ដែលឡោមព័ទ្ធ ហើយនាំទីក្រុងមូស្គូកាន់តែខិតទៅជិតជ័យជម្នះដ៏សំខាន់ លើកដំបូងរបស់ខ្លួន ក្នុងរយៈពេលកន្លះឆ្នាំ បន្ទាប់ពីការប្រយុទ្ធបង្ហូរឈាមបំផុតនៃសង្គ្រាម។

ទន្ទឹមនឹងនេះ ប្រមុខកងទ័ពឯកជន Wagner របស់រុស្ស៊ីបានឲ្យដឹងថា ទីក្រុងដែលត្រូវបានបំផ្ទុះបំផ្លាញ នៅក្នុងការវាយលុករយៈពេលជាង ៧ខែរបស់រុស្ស៊ី ត្រូវបានហ៊ុំព័ទ្ធស្ទើរតែទាំងស្រុង ដោយមានតែផ្លូវមួយប៉ុណ្ណោះ ដែលនៅតែបើកចំហសម្រាប់កងទ័ពអ៊ុយក្រែន៕ ប្រែសម្រួល ឈូក បូរ៉ា

To Top