ព័ត៌មានអន្តរជាតិ

ក្រុម Quad ហៅការបង្កើនហេដ្ឋារចនាសម្ព័ន្ធ និងវត្ដមានយោធា នៃដែនទឹកឥណ្ឌូប៉ាស៊ីហ្វិកថា ជាក្តីបារម្ភដ៏ធ្ងន់ធ្ងរ

ញូវដេលី៖ ក្រុម Quad បានសម្តែងការព្រួយបារម្ភយ៉ាងធ្ងន់ធ្ងរ លើការធ្វើយោធា ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឯកិច្ចប្រជុំនៅទីក្រុងញូវ ដែលីប្រទេសឥណ្ឌា នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន The National។

កិច្ចសន្ទនាសន្តិសុខ Quadrilateral ប្រចាំឆ្នាំ ដែលត្រូវបានគេស្គាល់ជាទូទៅថា Quad គឺជាសម្ព័ន្ធភាពយុទ្ធសាស្ត្រទំលំទូលាយ រវាងសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា ដែលមានបំណងធានា “ការធ្វើនាវាចរណ៍តាមផ្លូវសមុទ្រ ដោយសេរី និងបើកចំហ” នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រទេសចិន កំពុងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយោធា និងស៊ីវិល។

ក្រុម​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ យ៉ាង​ទូលំទូលាយ​ថា​ ជា​កម្លាំង​ការពារ​ប្រឆាំង​នឹង​ឥទ្ធិពល ដែល​កំពុង​កើនឡើង​របស់​ចិន​ក្នុង​តំបន់។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken រដ្ឋមន្ត្រីការបរទេសជប៉ុន Yoshimasa Hayashi និងសមភាគីឥណ្ឌា និងអូស្ត្រាលី លោក Subrahmanyam Jaishankar និង Penny Wong បានជួបប្រជុំគ្នាយ៉ាងក្តៅគគុក នៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 ដ៏តានតឹងដែលត្រូវបានគ្របដណ្ដប់ដោយការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលមិនបញ្ចេញឈ្មោះប្រទេសចិន ក្រុម Quad បានឲ្យដឹងថា សន្តិភាព និងសន្តិសុខនៅឥណ្ឌូប៉ាស៊ីហ្វិក គឺជាការចាំបាច់ សម្រាប់ការអភិវឌ្ឍន៍ និងវិបុលភាពនៅក្នុងតំបន់ ខណៈពេលដែលបានរំលឹកឡើងវិញ ពីសារៈសំខាន់នៃការគោរពអធិបតេយ្យភាព និងច្បាប់អន្តរជាតិ។

ក្រុមនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំបិទទ្វារថា “យើងប្រឆាំងយ៉ាងខ្លាំង ចំពោះសកម្មភាពឯកតោភាគីណាមួយ ដែលស្វែងរកការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន ឬបង្កើនភាពតានតឹងនៅក្នុងតំបន់”៕ ប្រែសម្រួល ឈូក បូរ៉ា

To Top