ព័ត៌មានអន្តរជាតិ

Update៖ លោក បៃដិន និងអធិការបតីអាល្លឺម៉ង់ ប្តេជ្ញារួមគ្នាថា នឹងបន្តដាក់បន្ទុកដល់រុស្ស៊ី ដែលបង្កសង្គ្រាមនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក Olaf Scholz អធិការបតីអាល្លឺម៉ង់ បានប្តេជ្ញាកាលពីថ្ងៃសុក្រថា នឹងបន្តដាក់បន្ទុកលើប្រទេសរុស្ស៊ី សម្រាប់សង្គ្រាមរបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែន ដែលឥឡូវនេះជាឆ្នាំទី២ររបស់ខ្លួន ខណៈដែលមន្ត្រីសហភាពអឺរ៉ុប បានថ្លែងថា សព្វាវុធណាដែលផ្តល់ដោយចិន ដល់រុស្ស៊ីនឹងបង្កឡើង ជាទណ្ឌកម្មកាន់តែធ្ងន់ ។

មន្ត្រីរដ្ឋបាលជាន់ខ្ពស់ម្នាក់បានលើកឡើងថា លោក បៃដិន និងលោក Scholz បានជួបគ្នាជាលក្ខណៈឯកជន នៅក្នុងការិយាល័យរាងពងក្រពើ អស់រយៈពេលជាង១ម៉ោង ។ ការពិភាក្សារបស់ពួកគេបានផ្តោតលើសារៈសំខាន់ នៃការបន្ត “សាមគ្គីភាពជាសកល” ជាមួយប្រជាជនអ៊ុយក្រែន និងការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ ក្នុងការផ្តល់ជំនួយផ្នែកសន្តិសុខ មនុស្សធម៌ សេដ្ឋកិច្ច និងនយោបាយដល់អ៊ុយក្រែន ផងដែរ ។

អង្គុយនៅក្បែរ លោក Scholz ក្នុងការិយាល័យរាងពងក្រពើ លោក បៃដិន បានថ្លែងអំណរគុណដល់មេដឹកនាំអាល្លឺម៉ង់សម្រាប់ “ភាពជាអ្នកដឹកនាំដ៏រឹងមាំ និងស្ថិរភាព” និងការគាំទ្រសម្រាប់អ៊ុយក្រែន ។ លោក Scholz បានថ្លែងថា វាជារឿងសំខាន់ដើម្បីបង្ហាញថា សម្ព័ន្ធមិត្តនឹងគាំទ្រក្រុង គៀវ “ដរាបណាប្រទេសនេះត្រូវការ និងដរាបណាចាំបាច់” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top