ព័ត៌មានអន្តរជាតិ

ក្រុមប្រឹក្សានយោបាយកំពូលរបស់ចិន ចាប់ផ្តើមដំណើរការសម័យប្រជុំប្រចាំឆ្នាំរបស់ខ្លួន លើកទី២

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា ស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ប្រទេសចិន បានចាប់ផ្តើមសម័យប្រជុំ ប្រចាំឆ្នាំរបស់ខ្លួនកាលពីថ្ងៃសៅរ៍ ដែលជាការចាប់ផ្តើមនៃ “វគ្គ២” នៅក្នុងឆ្នាំដ៏សំខាន់មួយ ខណៈដែលប្រទេសចិន បានកៀងគរសម្រាប់ការកសាងប្រទេសសង្គមនិយមទំនើបដ៏អស្ចារ្យមួយនេះ ។

លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន និងមេដឹកនាំចិនផ្សេងទៀតបានចូលរួម កិច្ចប្រជុំបើកសម័យប្រជុំដំបូងនៃគណៈកម្មាធិការជាតិលើកទី១៤ នៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន ហៅកាត់ថា (CPPCC) នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង ។

លោក Wang Yang ប្រធានគណៈកម្មាធិការជាតិ CPPCC លើកទី១៣ បានផ្តល់របាយការណ៍ការងារ ដល់សម័យប្រជុំគណៈកម្មាធិការជាតិ CPPCC ដែលក្នុងនោះលោកបានលើកឡើងថា ស្ថាប័នប្រឹក្សានយោបាយបានឯកភាពគ្នាយ៉ាងទូលំទូលាយ និងបានរួមចំណែកប្រកបដោយប្រាជ្ញា និងកម្លាំងដើម្បីសម្រេចបាន នូវគោលដៅ១០០រយឆ្នាំ ។

“សម័យប្រជុំលើកទី២” សំដៅលើកិច្ចប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនជាតិ ហៅកាត់ថា (NPC) ដែលជាស្ថាប័ននីតិបញ្ញត្តិកំពូលរបស់ប្រទេស និងគណៈកម្មាធិការជាតិ CPPCC ហើយវគ្គ NPC នឹងបើកដំណើរការប្រជុំនៅថ្ងៃអាទិត្យនេះ ។

“វគ្គ២”” នេះមានសារៈសំខាន់ខ្លាំង នៅក្នុងប្រតិទិននយោបាយរបស់ប្រទេស ក្នុងអំឡុងពេលដែលរដ្ឋាភិបាលកណ្តាលនឹងផ្តល់របាយការណ៍ការងារ ដែលជាធម្មតាពិនិត្យមើលសមិទ្ធផលកន្លងមក និងកំណត់គោលដៅអភិវឌ្ឍន៍សម្រាប់ឆ្នាំ និងលើសពីនេះ។ សមាជិកសភាជាតិ និងទីប្រឹក្សានយោបាយរាប់ពាន់នាក់នឹងពិនិត្យ និងពិភាក្សាលើរបាយការណ៍នេះ ក៏ដូចជារបាយការណ៍របស់សភាជាតិ តុលាការកំពូល និងព្រះរាជអាជ្ញាកំពូល ផងដែរ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top