ព័ត៌មានអន្តរជាតិ

លោក ហ៊ុន ម៉ានី៖ អ្នកជំនាន់មុនជឿជាក់ លើគណបក្សប្រជាជនកម្ពុជា ដោយសារការរំដោះជាតិ 

ភ្នំពេញ៖លោក ហ៊ុន ម៉ានីប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាបានបញ្ជាក់ថាអ្នកជំនាន់មុនជឿជាក់ លើគណបក្សប្រជាជនកម្ពុជាដោយសារការរំដោះជាតិ ហើយយុវជនជំនាន់ក្រោយផ្តល់ជំនឿទុកចិត្តផ្អែកលើសមត្ថភាពរបស់ថ្នាក់ដឹកនាំ ក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសនាពេលបច្ចុប្បន្ន។​

ក្នុងពិធីប្រកាសបញ្ចូលសមាជិក គណបក្សប្រជាជនកម្ពុជា ចំនួន​៣៦៤នាក់​ នៅឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី០៥ ខែមីនា​ ឆ្នាំ២០២៣  លោកហ៊ុន ម៉ានី បានលើកឡើងពីការអភិវឌ្ឍ ដែលនាំមកនូវការងារធ្វើដល់ក្នុងមូលដ្ឋាន  ការរីកចំរើននៃហេដ្ឋារចនាសម្ព័ន្ធ និងការរីកចំរើនលើគ្រប់វិស័យ ដែលកើតឡើងក្រោមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជាក្រោមម្លប់នៃសុខសន្ដិភាព  និងស្ថេរភាព ជូនដល់អង្គពិធីដែលនឹងត្រូវបញ្ចូលក្លាយជាសមាជិកគណបក្សប្រជាជន។ 

ជាមួយគ្នានេះ លោក ក៏បានបញ្ជាក់ថា អ្នកជំនាន់មុនជឿជាក់លើគណបក្សប្រជាជនកម្ពុជា ដោយសារការរំដោះជាតិពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដោយនាំមកនូវសុខសន្តិភាព ហើយយុវជនជំនាន់ក្រោយផ្តល់ជំនឿទុកចិត្ត ផ្អែកលើសមត្ថភាពរបស់ថ្នាក់ដឹកនាំក្នុងការដោះស្រាយ បញ្ហាប្រឈមក្នុងប្រទេស។ 

លោកក៏បានវាយតម្លៃខ្ពស់ ចំពោះការឡើងប្តេជ្ញាចិត្តរបស់អ្នកតំណាងសមាជិក ដែលនឹងត្រូវបញ្ចូលជាសមាជិកគណបក្សប្រជាជនថ្មីនាឱកាសនេះ។ 

ជាមួយគ្នានេះដែរ លោកហ៊ុន ម៉ានី បានគូសបញ្ជាក់ពីសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការ ដោះស្រាយបញ្ហានានានៅគ្រប់កាលៈទេសៈ ដើម្បីការពារសុខសន្ដិភាព ស្ថេរភាពសង្គម ដោយរំលេចពីស្ថានការណ៍ពីរចម្បងរួមមាន៖ (១) ការគ្រប់គ្រង់បញ្ហាជម្លោះព្រំដែនជុំវិញតំបន់ប្រាសាទព្រះវិហារ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៨ និង(២) ការដោះស្រាយបញ្ហាសុខភាពសាធារណៈ ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍ដែលធ្វើឱ្យប៉ះពាល់ស្ទើរគ្រប់វិស័យ។ 

លោកបានគូសបញ្ជាក់ថា៖ “ពិតណាស់ ប្អូនៗកើតមិនទាន់សោកនាដកម្មក្នុងរបបប្រល័យពូជសាសន៍នោះទេ  តែប្អូនៗអាចជឿទុកចិត្តលើគណបក្សប្រជាជនដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលប្អូនៗបានឃើញជាក់ស្ដែងនាពេលកន្លងមក”៕

To Top