ព័ត៌មានអន្តរជាតិ

កងទ័ពរបស់នីហ្សេរីយ៉ា បានរំដោះចំណាប់ខ្មាំង ចំនួន១៤នាក់ ពីកណ្តាប់ដៃរបស់ក្រុមចោរ 

ឡាហ្គូស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣ថា មន្ត្រីម្នាក់បានលើកឡើងកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់នីហ្សេរីយ៉ា បានជួយសង្គ្រោះមនុស្ស១៤នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមចោរនៅក្នុងរដ្ឋ Kaduna ស្ថិតនៅភាគខាងជើងប្រទេស ។

លោក Samuel Aruwan ស្នងការរដ្ឋ Kaduna ទទួលបន្ទុកសន្តិសុខផ្ទៃក្នុង និងកិច្ចការផ្ទៃក្នុងរបស់រដ្ឋ បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បេសកកម្មជួយសង្គ្រោះនេះត្រូវបានធ្វើឡើងនាពេលថ្មីៗនេះ ដោយកងទ័ពរបស់នីហ្សេរីយ៉ា ដែលបានចាប់ផ្ដើមប្រតិបត្តិការមួយ ដែលផ្តោតលើកន្លែងលាក់ខ្លួនរបស់ក្រុមចោរនៅក្នុងតំបន់រដ្ឋាភិបាលក្នុងតំបន់ Chikun នៃរដ្ឋខាងលើ ។

លោក Aruwan បានបញ្ជាក់ថា កងទ័ពបានយកឈ្នះលើក្រុមចោរ ហើយបានសម្លាប់ពួកគេម្នាក់ ខណៈដែលអ្នកផ្សេងទៀតបានរត់គេចខ្លួនដោយភាពច្របូកច្របល់ ដោយបន្ថែមទៀតថា អ្នកដែលត្រូវបានជួយសង្គ្រោះទាំងអស់មានសុវត្ថិភាព ហើយនឹងត្រូវបានពិនិត្យបន្ថែម មុនពេលត្រូវបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេវិញ ។

លោកស្នងការមិនបានបង្ហាញ ពីកាលបរិច្ឆេទពិតប្រាកដនៃប្រតិបត្តិការនេះទេ ដោយបានលើកឡើងថា កន្លែងលាក់ខ្លួនរបស់ក្រុមចោរត្រូវបានបំផ្លាញ ដោយកងទ័ពក្នុងពេលប្រយុទ្ធគ្នា ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top