បរទេស ៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយថា ប្រទេសចិន នឹងប្រឈមមុខនឹងការដាក់ទណ្ឌកម្ម ដែលមិនបានបញ្ជាក់ ប្រសិនបើប្រទេសនេះជ្រៀតជ្រែក ក្នុងជម្លោះអ៊ុយក្រែន និងផ្តល់ជំនួយយោធាដល់រុស្ស៊ី ទោះបីជាមន្ត្រីអឺរ៉ុបទទួលស្គាល់ថា ពួកគេមិនទាន់ឃើញភស្តុតាង ណាមួយដែលថា ទីក្រុងប៉េកាំងមានបំណង ធ្វើដូច្នេះក៏ដោយ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Scholz បានប្រាប់ CNN ក្នុងអំឡុងពេលទស្សនកិច្ចខ្លី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នៅពេលសួរថា តើអាល្លឺម៉ង់នឹងដាក់ទណ្ឌកម្មដៃ គូពាណិជ្ជកម្មធំបំផុត របស់ខ្លួនគឺចិនថា “ខ្ញុំគិតថាវានឹងមានផលវិបាក ប៉ុន្តែឥឡូវនេះយើងកំពុងស្ថិតក្នុងដំណាក់កាលមួយដែលយើងកំពុងធ្វើឱ្យច្បាស់ថា វាមិនគួរកើតឡើង” ។
ទីក្រុងប៉េកាំងបានប្រឈមមុខនឹងរលក នៃការចោទប្រកាន់កាន់តែខ្លាំងឡើងពីមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលអាចបើកចំហរក្នុងការផ្គត់ផ្គង់ជំនួយយោធាដល់រុស្ស៊ី ដែលជាការចោទប្រកាន់ ដែលចិនបានបដិសេធ ។ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសចិននឹង “រក្សាការប្តេជ្ញាចិត្តចំពោះគោលនយោបាយ ការបរទេសឯករាជ្យនៃសន្តិភាព” ដោយមិនបាននិយាយអំពីជម្លោះ រុស្ស៊ី-អ៊ុយក្រែននោះទេ។
នៅពេលត្រឡប់ទៅអាល្លឺម៉ង់វិញ លោក Scholz បានបដិសេធមិនឆ្លើយសំណួរផ្ទាល់អំពីថា តើលោកប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញលោកនូវភស្តុតាង ជាក់ស្តែងណាមួយដើម្បីគាំទ្រការអះអាងដែលថា ប្រទេសចិនកំពុងពិចារណា ការផ្តល់អាវុធដល់ប្រទេសរុស្ស៊ីនោះទេ៕