ព័ត៌មានអន្តរជាតិ

រុស្ស៊ី គុយបានឹងធ្វើការរួមគ្នា ដើម្បីប្រឆាំងទៅនឹង ទណ្ឌកម្មពីអាមេរិក

បរទេស៖ រដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងហាវាណា បានឈានទៅដល់កិច្ចការងារ សហការគ្នាក្នុងការបង្កើតនូវ យុទ្ធសាស្ត្រហិរញ្ញវត្ថុដែលអាចជា របាំងការពារសេដ្ឋកិច្ចរបស់ប្រទេស ពីសំណាក់ទណ្ឌកម្មសេដ្ឋកិច្ច ដែលបានចេញដោយសហរដ្ឋអាមេរិក។

សេចក្តីប្រកាសនេះត្រូវបាន ធ្វើឡើងដោយលោកអគ្គរដ្ឋទូតរុស្សី ប្រចាំនៅក្នុងប្រទេសគុយបាលោក Andrey Guskov ដោយក្នុងនោះលោកបានពោលថា៖ ការដាក់ចេញនូវយន្តការនៃការទូទាត់ ដែលឯករាជ្យមួយកំពុងត្រូវបាន អនុវត្តដោយជោគជ័យ ។ វានឹងជួយការពារដល់កិច្ចសហប្រតិបត្តិការ រវាងគ្នាផងនិងការពារផលប៉ះពាល់ ជាអវិជ្ជមានពីសំណាក់ការ បិទផ្លូវពាណិជ្ជកម្ម សេដ្ឋកិច្ច និងហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិកផង និងព្រមទាំងអាចបង្កើតទំនាក់ទំនង កាន់តែប្រសើររវាងរុស្សីនិងគុយបាផង។

រំលឹកដែរថាកាលពីខែមករាកន្លងមកនេះ ប្រធានក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-គុយបា លោក Boris Titov បានលើកឡើងថា ដើម្បីកាត់បន្ថយឥទ្ធិពលនៃ ទណ្ឌកម្មលោកខាងលិច ទាំងរុស្សីនិងគុយបាគួរពិចារណា ទៅលើយន្តការថ្មីសម្រាប់ការ ទូទាត់ទៅវិញទៅមក រួមទាំងរូបិយប័ណ្ណរូប៊ល និងរូបិយបណ្ណនានាផងដែរ។

គួរឲ្យដឹងដែរថាគុយបាជា ប្រទេសដែលស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម របស់សហរដ្ឋអាមេរិកអស់រយៈពេលជាង៦០ ឆ្នាំមកហើយ ទន្ទឹមនឹងនេះ រុស្ស៊ីបច្ចុប្បន្នជាប្រទេសដែលមាន ទណ្ឌកម្មច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានដាក់កម្រិតលើបុគ្គលចំនួនដល់ទៅ ១១០០០នៅជុំវិញជម្លោះនៅអ៊ុយក្រែន ៕

ប្រែសម្រួល៖ ស៊ុន លី

To Top