ព័ត៌មានអន្តរជាតិ

កាណាដា ប្រកាសជួយជួសជុល បណ្តាញអគ្គិសនី និងគាំទ្រសកម្មភាពកម្ចាត់មីន នៅអ៊ុយក្រែន

អូតាវ៉ា៖ នាយករដ្ឋមន្ត្រីកាណាដា Justin Trudeau និងរដ្ឋមន្ត្រីក្រសួងការបរទេស Mélanie Joly បានប្រកាសកាលពីថ្ងៃអង្គារថា ការគាំទ្រថ្មីសម្រាប់អ៊ុយក្រែន ដើម្បីជួយដោះស្រាយតម្រូវការថាមពល និងសន្តិសុខដ៏សំខាន់របស់ខ្លួន។

យោងតាមការចេញផ្សាយថ្មី របស់ក្រសួងការបរទេស កាណាដា នឹងបរិច្ចាគម៉ាស៊ីនបំលែងអគ្គិសនីចំនួន ៧ ដើម្បីជួយជួសជុលបណ្តាញអគ្គិសនី របស់ប្រទេសអ៊ុយក្រែន។ ឧបករណ៍បំលែងទាំងនេះ ដែលផ្តល់តាមរយៈយន្តការ ការពារស៊ីវិលរបស់សហភាពអឺរ៉ុប នឹងអនុញ្ញាតឱ្យប្រជាជនអ៊ុយក្រែន ផ្តល់ថាមពលដល់ផ្ទះរបស់ពួកគេ និងប្រើប្រាស់ឧបករណ៍មូលដ្ឋានបំផុត។

លើសពីនេះ ប្រទេសកាណាដាកំពុង ប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៣លានដុល្លារកាណាដា (២,៤ លានដុល្លារអាមេរិក) ដើម្បីគាំទ្រសកម្មភាពមីននៅអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ការផ្តល់មូលនិធិនេះនឹងជំរុញ កិច្ចខិតខំប្រឹងប្រែងសង្គ្រោះ និងការកសាងឡើងវិញដ៏សំខាន់ នៅក្នុងប្រទេសអ៊ុយក្រែន ហើយវាបំពេញបន្ថែមទឹកប្រាក់ជាង ៣២ លានដុល្លារកាណាដា (២៥,៦ លានដុល្លារអាមេរិក) នៅក្នុងមូលនិធិ ដែលកាណាដាកំពុងផ្តល់រួចហើយ ដើម្បីគាំទ្រសកម្មភាពមីននៅក្នុងប្រទេសនេះ។

នៅឆ្នាំ២០២២ ប្រទេសកាណាដា បានសន្យាផ្តល់ជំនួយជាង ៥ ពាន់លានដុល្លារកាណាដា (៤ពាន់លានដុល្លារ) ក្នុងការផ្តល់មូលនិធិ សម្រាប់ជំនួយផ្ទាល់ផ្នែកហិរញ្ញវត្ថុ យោធា មនុស្សធម៌ និងជំនួយអន្តោប្រវេសន៍ដល់អ៊ុយក្រែន ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top