ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ ប្តេជ្ញា​បន្ត​កិច្ចប្រឹងប្រែង ដើម្បី​បញ្ចប់​កិច្ចចរចា​នុយក្លេអ៊ែរ

តេអេរ៉ង់៖ ប្រទេសអ៊ីរ៉ង់ បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​អង្គារ​ថា នឹង​ប្រកាន់​ខ្ជាប់​នូវ​មាគ៌ា​ការទូត និង​ការចរចា ខណៈ​ប្រទេស​នេះ​បន្ត​ស្វែងរក​ការសន្និដ្ឋាន ចំពោះ​កិច្ចចរចា​នុយក្លេអ៊ែរ​ដែល​ជាប់គាំង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមគេហទំព័រ របស់ក្រសួងការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានធ្វើការកត់សម្គាល់នៅក្នុងសុន្ទរកថា ទៅកាន់ពិធីរំលឹកខួបមួយ។

លោកបានសង្កត់ធ្ងន់ថា ការឈានដល់កិច្ចព្រមព្រៀងមួយ នៅក្នុងកិច្ចពិភាក្សាស្តីពីការរស់ឡើងវិញ នូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ស្របតាមផលប្រយោជន៍ជាតិ គឺស្ថិតក្នុងចំណោម “ទំនួលខុសត្រូវ” របស់ឧបករណ៍ការទូតអ៊ីរ៉ង់។

លោកបានបន្ថែមថា អ៊ីរ៉ង់ បានប្រាប់យ៉ាងច្បាស់លាស់ ដល់សហរដ្ឋអាមេរិក និងភាគីលោកខាងលិចផ្សេងទៀតថា កម្រិតខ្ពស់នៅក្នុងរបៀបវារៈរបស់ខ្លួន គឺការសង្កេតលើបន្ទាត់ក្រហម ការពារផលប្រយោជន៍ជាតិ និងការសម្រេចបាននូវកិច្ចព្រមព្រៀង ដែលភាគីទាំងអស់នឹងប្តេជ្ញាចិត្ត។

លោក Amir-Abdollahian បានលើកឡើងថា អ៊ីរ៉ង់ នឹងមិនចាកចេញពីតុចរចាឡើយ ហើយក៏នឹងមិនងាកចេញពី បន្ទាត់ក្រហមរបស់ខ្លួន សូម្បីតែស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកបំផុតក៏ដោយ។

ប្រទេសអ៊ីរ៉ង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង នុយក្លេអ៊ែរដែលត្រូវបានគេស្គាល់ជាផ្លូវការថា ជាផែនការសកម្មភាពទូលំទូលាយរួម (JCPOA) ជាមួយមហាអំណាចពិភពលោក កាលពីខែកក្កដា ឆ្នាំ២០១៥ ដោយយល់ព្រមដាក់ការទប់ស្កាត់ មួយចំនួនលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មលើប្រទេសនេះ។

ទោះជាយ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកបានដកខ្លួនចេញពី កិច្ចព្រមព្រៀងកាលពីខែឧសភា ឆ្នាំ២០១៨ ហើយបានដាក់ទណ្ឌកម្មឯកតោភាគី របស់ខ្លួនឡើងវិញលើទីក្រុងតេអេរ៉ង់ ដែលជំរុញឱ្យភាគីចុងក្រោយកាត់បន្ថយ ការប្តេជ្ញាចិត្តនុយក្លេអ៊ែរមួយចំនួន នៅក្រោមកិច្ចព្រមព្រៀងនេះ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top