កូឡុំបូ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសស្រីលង្កា បានប្រកាសកាលពីថ្ងៃអង្គារថា ថ្ងៃទី២៥ ខែមេសា គឺជាកាលបរិច្ឆេទសមរម្យសម្រាប់ រៀបចំការបោះឆ្នោតក្រុមប្រឹក្សាមូលដ្ឋាន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
គណៈកម្មការក៏បានជូនដំណឹង ដល់មន្ត្រីរៀបចំការបោះឆ្នោតថ្នាក់តំបន់ថា ការបោះឆ្នោតថ្នាក់មូលដ្ឋាន មិនអាចប្រព្រឹត្តទៅ នៅថ្ងៃទី៩ ខែមីនា ដូចដែលបានគ្រោងទុកនោះទេ ដោយសារហេតុផលដែលមិននឹកស្មានដល់ និងជៀសមិនរួច។
មន្ត្រីរៀបចំការបោះឆ្នោត ថ្នាក់តំបន់ត្រូវបានប្រាប់ថា ពួកគេនឹងចុះផ្សាយនៅថ្ងៃទី ២៥ ខែមេសា ជាថ្ងៃបោះឆ្នោត។ មន្ត្រីរៀបចំការបោះឆ្នោតក្នុងតំបន់ បានបោះពុម្ពផ្សាយសារាចរណ៍ កាលពីដើមឆ្នាំនេះ ដោយបានប្រកាសថា ការបោះឆ្នោតថ្នាក់មូលដ្ឋាន នឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនា។
ទោះជាយ៉ាងណាក៏ដោយ ការបោះឆ្នោតត្រូវបានពន្យារពេល បន្ទាប់ពីរដ្ឋាភិបាលបានឲ្យដឹងថា មានថវិកាមិនគ្រប់គ្រាន់។ ប្រទេសស្រីលង្ការៀបចំការបោះឆ្នោត សម្រាប់ស្ថាប័នរដ្ឋាភិបាលក្នុងតំបន់រៀងរាល់ ៤ ឆ្នាំម្តង ហើយការបោះឆ្នោតក្នុងតំបន់ ដែលត្រូវបានពន្យារពេលត្រូវបាន គេគ្រោងនឹងធ្វើឡើងនៅឆ្នាំ២០២២ ៕
ប្រែសម្រួល ឈូក បូរ៉ា