ព័ត៌មានអន្តរជាតិ

រាជរដ្ឋាភិបាល ជំរុញការអភិវឌ្ឍផលិតផល ទេសចរណ៍តាមដងទន្លេ ដើម្បីឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកប ដោយគុណភាព

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិងកំពុងជំរុញការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព ទាំងក្នុងតំបន់ និងឆាកអន្តរជាតិ។

យោងតាមសារលិខិតរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសពិធីបុណ្យទន្លេ លើកទី៧ ថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ ក្រោមប្រធានបទ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និងអនាគត» បានឱ្យដឹងថា រាជរដ្ឋាភិបាល បានកំណត់ប្រារព្ធពិធីបុណ្យទន្លេ ដែលបានក្លាយជាព្រឹត្តិការណ៍ ទេសចរណ៍ដ៏សំខាន់មួយសម្រាប់កម្ពុជា ដែលមិនត្រឹមតែចូលរួមចំណែកក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ នៃខេត្តជាប់ដងទន្លេរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមគាំទ្រនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការយកចិត្តទុកដាក់អភិវឌ្ឍតំបន់តាមដងទន្លេប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវ។

សម្ដេចតេជោ បន្ដថា ក្នុងន័យនេះ ប្រធានបទបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣នេះ «ទន្លេរបស់យើង ដើម្បីបច្ចុប្បន្ន និង អនាគត» គឺពិតជាសមស្របសម្រាប់បរិបទបច្ចុប្បន្នដែលរាជរដ្ឋាភិបាលកម្ពុជាបន្តផ្ដល់អាទិភាពដល់ការអភិវឌ្ឍ តំបន់តាមដងទន្លេ ជាពិសេសការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ការការពារ និងអភិរក្សធនធានធម្មជាតិ ដោយឈរលើការប្ដេជ្ញាចិត្តរួមមួយច្បាស់លាស់ក្នុងការរក្សាតុល្យភាព រវាងផលប្រយោជន៍សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ប្រជាពលរដ្ឋមូលដ្ឋាន ធានាបាននូវការអភិវឌ្ឍទាំងសម្រាប់បច្ចុប្បន្ន និងទៅអនាគត។

សម្ដេចតេជោ បន្ថែមថា ការរៀបចំពិធីបុណ្យទន្លេលើកទី៧ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំនេះ មានលក្ខណៈកាន់តែវិសេសវិសាល ដោយសារខេត្តកំពង់ធំ ស្ថិតនៅចំកណ្តាលប្រទេសកម្ពុជា មានព្រំប្រទល់ដ៏វែងជាប់បឹងទន្លេសាប មានប្រាសាទ សំបូរព្រៃគុក ដែលត្រូវបានចុះបញ្ជីជាបេតិកភណ្ឌរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ កាលពីឆ្នាំ២០១៧ ជា ខេត្តជម្រុកស្រូវដ៏សំខាន់របស់កម្ពុជា ជាអតីតរាជធានី និងមានរឿងរាវប្រវត្តិសាស្ត្របង្កប់ទុកជាច្រើន រួមជាមួយ តំបន់ទេសចរណ៍ និងប្រវត្តិសាស្ត្រជាច្រើនទៀត។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «រាជរដ្ឋាភិបាល នឹងបន្តប្រារព្ធពិធីបុណ្យទន្លេនេះជារៀងរាល់ឆ្នាំនៅតាមបណ្តាខេត្តជាប់ដងទន្លេនៃព្រះរាជា ណាចក្រកម្ពុជា ដែលទាំងអស់នេះសបញ្ជាក់ឱ្យឃើញថា រាជរដ្ឋាភិបាលបាននិងកំពុងជំរុញការអភិវឌ្ឍវិស័យ ទេសចរណ៍កម្ពុជា ពិសេសការអភិវឌ្ឍផលិតផលទេសចរណ៍តាមដងទន្លេ រួមចំណែកធ្វើឱ្យកម្ពុជាក្លាយជាគោលដៅ ទេសចរណ៍ប្រកបដោយគុណភាពទាំងក្នុងតំបន់ និងឆាកអន្តរជាតិ»។

ក្នុងឱកាសពិធីដ៏វិសេសវិសាលនេះ ប្រមុខរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ជនរួមជាតិទាំងអស់ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម ចូលរួមឱ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ធ្វើឱ្យពិធីបុណ្យទន្លេលើកទី៧ឆ្នាំនេះ និង ពិធីបុណ្យទន្លេជាបន្តបន្ទាប់ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ និងសូមរួមគ្នាការពារសន្តិភាព ដែលជាមូលដ្ឋាន គ្រឹះមិនអាចខ្វះបានក្នុងការធានានូវវិបុលភាពជូនប្រជាជន និងប្រជាជាតិ ទាំងសម្រាប់បច្ចុប្បន្ន និងអនាគត៕

To Top