គ៊ែរ៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah al-Sisi បានអំពាវនាវឱ្យមានការខិតខំ ប្រឹងប្រែងជាអន្តរជាតិ ដែលពឹងផ្អែកខ្លាំង ដើម្បីសម្រេចបាននូវភាព ស្ងប់ស្ងាត់នៅក្នុងទឹកដីប៉ាឡេស្ទីន ចំពេលមានភាពតានតឹងរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន បន្ដកើនឡើង។
លោក Sisi បានធ្វើការកត់សម្គាល់នេះ ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់លោកជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin ដែលកំពុងបំពេញទស្សនកិច្ច នេះបើយោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយប្រធានាធិបតីអេហ្ស៊ីប។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កិច្ចប្រជុំនេះបានផ្តោតទៅលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន រួមទាំងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ដែលមានរយៈពេលរាប់ទសវត្សរ៍។
លោក Sisi ក៏បានអំពាវនាវឱ្យបញ្ឈប់ វិធានការឯកតោភាគី និងការកើនឡើងនៅក្នុងជម្លោះ ខណៈពេលដែលបញ្ជាក់ឡើងវិញ នូវដំណោះស្រាយរដ្ឋទាំងពីរថាជា “មាគ៌ាឆ្ពោះទៅរកការ សម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងទូលំទូលាយ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនក្នុងតំបន់”។
សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា ក្នុងអំឡុងកិច្ចប្រជុំនេះ ក៏មានការចូលរួមដោយ រដ្ឋមន្ត្រីការពារជាតិអេហ្ស៊ីប លោក Mohamed Zaki លោក Sisi បានសង្កត់ធ្ងន់ថា “ការប្តេជ្ញាចិត្តរបស់អេហ្ស៊ីប ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ បន្ថែមទៀតជាមួយសហរដ្ឋអាមេរិក នៅក្នុងវិស័យជាច្រើន ជាពិសេសក្នុងវិស័យយោធា និងសន្តិសុខ។
នៅក្នុងនោះដែរលោក Austin បានសម្តែងការកោតសរសើររបស់វ៉ាស៊ីនតោន ចំពោះតួនាទីសំខាន់របស់អេហ្ស៊ីប នៅមជ្ឈិមបូព៌ាថា ជា “កម្លាំងស្ថេរភាពប្រកបដោយសមហេតុផល និងការទទួលខុសត្រូវ” ខណៈពេលដែលគូសបញ្ជាក់ ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអេហ្ស៊ីប ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិ ៕
ប្រែសម្រួល ឈូក បូរ៉ា