បរទេស ៖ ចារកម្មកំពូលរបស់អាមេរិកជឿថា រុស្ស៊ី មិនចង់បានការប្រឈមមុខដាក់គ្នា ខាងយោធាដោយផ្ទាល់ ជាមួយអង្គការណាតូទេ ប៉ុន្តែមានសក្តានុពល សម្រាប់ជម្លោះក្នុងប្រទេស អ៊ុយក្រែនកើនឡើង, នេះបើយោង តាមការវាយ តម្លៃការគំរាមកំហែង ប្រចាំឆ្នាំដែលប្រគល់ ជូនព្រឹទ្ធសភាដោយ ប្រធានចារកម្មកាលពីថ្ងៃពុធ ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា យោងតាមរបាយការណ៍វាយតម្លៃការគំរាមកំហែងប្រចាំឆ្នាំ ២០២៣ បានឱ្យដឹងថា “រហូតមកដល់ពេលនេះមេដឹកនាំរុស្ស៊ីបានបញ្ចៀស សកម្មភាពដែលនឹងពង្រីកជម្លោះ អ៊ុយក្រែនហួសពីព្រំដែនអ៊ុយក្រែន ប៉ុន្តែហានិភ័យសម្រាប់ ការកើនឡើងនៅតែធំ” ។
ចងក្រងក្នុងខែកុម្ភៈ ការវាយតម្លៃនេះ ត្រូវបានបង្ហាញជា សាធារណៈនៅថ្ងៃពុធ នៅឯសវនាការប្រចាំឆ្នាំ របស់គណៈកម្មាធិការស៊ើបការណ៍ ព្រឹទ្ធសភាស្តីពីការគំរាម កំហែងជាសកល ។ នាយកទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់ជាតិ Avril Haines បានពណ៌នាប្រទេសចិនថា ជា “អាទិភាពដែលមិនអាចប្រៀបផ្ទឹមបាន” នៃអ្នកស៊ើបការណ៍អាមេរិក ។ នាយក CIA, FBI, NSA, និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិ (DIA) ក៏បានផ្តល់ភស្តុតាងនៅ ឯសវនាការនោះផងដែរ ។
របាយការណ៍ដែលមានកម្រាស់ ៤០ទំព័របានឧទ្ទិសដល់ទៅ ៤ ទំព័រសម្រាប់ប្រទេសរុស្ស៊ី ដោយសម្លឹង មើលទាំងជម្លោះនៅអ៊ុយក្រែន និងតួនាទីរបស់ម៉ូស្គូនៅអាស៊ីកណ្តាល អាហ្រ្វិក និងអាមេរិកឡាទីន ។ ទោះបីជារបាយការណ៍នេះ បានចោទប្រកាន់រុស្ស៊ីពី “ការឈ្លានពាន ដែលមិនបង្កហេតុ” នៅក្នុងប្រទេសអ៊ុយក្រែន ក៏ដោយ ប៉ុន្តែនៅក្នុងកថាខណ្ឌមួយចំនួន ក៏បានទទួលស្គាល់ថា ទីក្រុងម៉ូស្គូបានធ្វើសកម្មភាព ដោយសារតែខ្លួនយល់ថា “ការគំរាមកំហែងដែលមានស្រាប់នៅក្នុងសង្កាត់របស់ខ្លួន” ដែលអាច “បង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ របស់រុស្ស៊ី” ៕