ព័ត៌មានអន្តរជាតិ

ចិន មានឆន្ទៈលើកកម្ពស់សន្ដិសុខ និងស្ថេរភាព នៅតំបន់មជ្ឈឹមបូព៌ា

ប៉េកាំង៖ អនុរដ្ឋមន្រ្តីការបរទេសចិន លោក Qin Gang បានឲ្យដឹងថា ប្រទេសចិនមានឆន្ទៈក្នុងការលើកកម្ពស់សន្តិសុខ និងស្ថិរភាព ធ្វើជាដៃគូសម្រាប់ការអភិវឌ្ឍន៍ និងវិបុលភាព និងជំរុញការរួបរួមនិងភាពរឹងមាំនៅក្នុងតំបន់មជ្ឈិមបូព៌ា។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ថា ប្រទេសចិន និងបណ្តាប្រទេសមជ្ឈិមបូព៌ាមានប្រវត្តិដ៏យូរលង់នៃការធ្វើជាមិត្តល្អ និងជាដៃគូល្អ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

នៅក្នុងកិច្ចប្រជុំកំពូលរដ្ឋចិន-អារ៉ាប់លើកទីមួយដែលបានធ្វើឡើងនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ ប្រទេសចិន និងរដ្ឋអារ៉ាប់ បានព្រមព្រៀងគ្នាក្នុងការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីកសាងសហគមន៍ចិន-អារ៉ាប់ ជាមួយនឹងអនាគតរួមគ្នាក្នុងយុគសម័យថ្មី ដែលជំរុញឱ្យចិន-អារ៉ាប់ឆ្ពោះទៅមុខ ដោយក្នុងនោះលោក Qin បាន​លើកឡើងថា កិច្ច​សហប្រតិបត្តិការ​មិត្តភាព​។

លោកក៏បានលើកឡើងផងដែរអំពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនកាលពីខែមុនដោយប្រធានាធិបតីនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់លោក Ebrahim Raisi ក្នុងអំឡុងពេលដែលភាគីទាំងពីរបានព្រមព្រៀងគ្នាធ្វើឱ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងចិន និងអ៊ីរ៉ង់ និងជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយ។

ប្រទេសចិន គាំទ្រប្រទេសនៅមជ្ឈិមបូព៌ាក្នុងការរក្សាឯករាជ្យភាពជាយុទ្ធសាស្ត្រ និងប្រឆាំងការជ្រៀតជ្រែកពីខាងក្រៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសមជ្ឈិមបូព៌ា។

លោកបន្ដថា ប្រទេសចិន នឹងបន្តគាំទ្រនូវយុត្តិធម៌ និងគាំទ្រដល់បណ្តាប្រទេសមជ្ឈិមបូព៌ាក្នុងការស្វែងរកដំណោះស្រាយនយោបាយនៃបញ្ហាចំណុចក្តៅរបស់តំបន់តាមរយៈការសន្ទនា និងការពិគ្រោះយោបល់៕ប្រែសម្រួល ឈូក បូរ៉ា

To Top