បរទេស៖ យោធាក្រុងសេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយជិតនៅថ្ងៃព្រហស្បតិ៍ (ទី៩ ខែមីនា) ដែលជាការបង្ហាញកម្លាំងចុងក្រោយបង្អស់របស់ទីក្រុងព្យុងយ៉ាង ប៉ុន្មានថ្ងៃមុនពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំ។
យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅក្នុងចំណុចអាក្រក់បំផុតក្នុងរយៈពេលជាច្រើនទស្សវត្សរ៍ ដោយកូរ៉េខាងជើងបានធ្វើតេស្តអាវុធហាមឃាត់មិនធ្លាប់មានដែលបង្កហេតុ ខណៈដែលទីក្រុងសេអ៊ូលបានផ្លាស់ប្តូរដើម្បីបង្កើនកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយទីក្រុងវ៉ាស៊ីនតោនជាការឆ្លើយតបវិញ។
កាលពីឆ្នាំមុន របបរបស់លោក គីម ជុងអ៊ុន ប្រធានាធិបតីកូរ៉េខាងជើងបានប្រកាសថា កូរ៉េខាងជើងជាមហាអំណាចនុយក្លេអ៊ែរដែលមិនអាចផ្លាស់ប្តូរបាន ហើយបានប្តេជ្ញាថានឹងបង្កើនការផលិតសព្វាវុធ រួមទាំងអាវុធនុយក្លេអ៊ែយុទ្ធសាស្ត្រ ខណៈដែលសហរដ្ឋអាមេរិកសម្លឹងរកការផ្លាស់ទីទ្រព្យសម្បត្តិយោធាបន្ថែមទៀតទៅកាន់តំបន់ដើម្បីការពារសម្ព័ន្ធមិត្តទីក្រុងសេអ៊ូល។
អគ្គសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូលបាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយជិតចេញពីទីក្រុងកំពង់ផែ Nampo ភាគខាងលិចរបស់កូរ៉េខាងជើងនៅម៉ោង ៦៖២០នាទីល្ងាច ៕ប្រែសម្រួល៖ ណៃ តុលា