បរទេស៖ ប្រធានាធិបតីអាមេរិកលោក Joe Biden សម្រាប់ថវិកាជាតិ ក្នុងវិស័យយោធា ឆ្នាំ២០២៤ខាងមុខនេះ បានប្រកាសថានឹងមានកំណើន យ៉ាងខ្លាំង ទៅដល់កំណត់ត្រាមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រ របស់អាមេរិក ពោលគឺប្រមាណទៅដល់ ៨៤២ពាន់លានដុល្លារ។
យោងតាមការប្រកាសព័ត៌មាន ដែលត្រូវបានធ្វើឡើងដោយផ្ទាល់ ពីសំណាក់សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដែរថាក្នុងនោះក៏មានខ្ទង់ ចំណាយប្រមាណជា៩,១ពាន់លានដុល្លារ សម្រាប់គំនិតផ្តួចផ្តើម ក្នុងការការពារតំបន់ប៉ាស៊ីហ្វិកឬ Pacific Deterrence Initiative ផងដែរ តាមរយៈការបង្កើន វត្តមានរបស់អាមេរិក នៅក្នុងតំបន់នេះក្នុងគោលបំណង សំខាន់ប្រឈមមុខជាមួយនឹង ឥទ្ធិពលរបស់ប្រទេសចិន។
ក្រៅពីនោះចំណែកប្រាក់ចំណាយ ដល់ទៅ៣៧,៧ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់ទៅលើការធ្វើទំនើបកម្ម ក្បាលគ្រាប់នុយក្លេអ៊ែរ របស់ខ្លួននិងខ្ទង់ចំណាយផ្សេងទៀត ដែលមិនបានដឹងខ្ទង់ចំណាយ ពិតប្រាកដនឹងត្រូវប្រើប្រាស់ ទៅលើកិច្ចការងារផលិតនាវាចម្បាំង និងការវិនិយោគ ទៅលើបច្ចេកវិទ្យាយោធា សំខាន់ៗផ្សេងទៀត។
នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយផ្សេងទៀត ដោយសេតវិមាន ក៏បានបញ្ជាក់កញ្ចប់ថវិកា ប្រមាណជា៦ពាន់លានដុល្លារ ផ្សេងទៀតដែលអាមេរិក នឹងត្រូវជួយគាំទ្រផ្នែកយោធាដល់ប្រទេសអ៊ុយក្រែនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី