ហ្សឺណែវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ថា ប្រទេសរុស្ស៊ី និងអង្គការសហប្រជាជាតិ នឹងបើកកិច្ចចរចានៅទីក្រុងហ្សឺណែវ នៅថ្ងៃចន្ទ ទី១៣ ខែមីនាខាងមុខ ស្តីពីការបន្តកិច្ចព្រមព្រៀង នាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន ដោយអង្គការសហប្រជាជាតិបានឲ្យដឹងថា ជោគវាសនារបស់មនុស្សរាប់លាននាក់ ស្ថិតនៅលើការបន្តកិច្ចព្រមព្រៀងរបស់ខ្លួន ។
ការឈ្លានពានទាំងស្រុង របស់រុស្ស៊ីមកលើអ៊ុយក្រែន នៅក្នុងខែកុម្ភៈឆ្នាំមុនបាន ធ្វើឲ្យកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន ត្រូវបានរារាំងដោយនាវាចម្បាំង រហូតដល់កិច្ចព្រមព្រៀងដែលបាន ចុះហត្ថលេខាកាលពីខែកក្កដាអនុញ្ញាត ឱ្យឆ្លងកាត់សុវត្ថិភាពនៃការនាំចេញ នៃការផ្គត់ផ្គង់គ្រាប់ធញ្ញជាតិសំខាន់ៗ ។
អង្គការសហប្រជាជាតិ បានឱ្យដឹងថា ជាង ២៣,៧លានតោន ត្រូវបាននាំចេញក្រោមគំនិតផ្តួចផ្តើម គ្រាប់ធញ្ញជាតិសមុទ្រខ្មៅ របស់អង្គការសហប្រជាជាតិ និងតួកគីដែលជាអ្នកសម្របសម្រួល ។
កិច្ចព្រមព្រៀង BSGI ដែលបានជួយបន្ធូរបន្ថយ វិបត្តិស្បៀងអាហារសកលដែលបណ្តាលមកពី ការលុកលុយនឹងបន្តដោយ ស្វ័យប្រវត្តិនៅថ្ងៃទី១៨ ខែមីនា លុះត្រាតែទីក្រុងម៉ូស្គូ ឬទីក្រុងគៀវជំទាស់ ។
ប៉ុន្តែរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការបន្តកិច្ចព្រមព្រៀងកំពុងក្លាយជា “ភាពស្មុគស្មាញ” ខណៈដែលលោកបានអះអាងថា កិច្ចព្រមព្រៀងស្របគ្នាលើការនាំចេញ របស់រុស្ស៊ីមិនត្រូវបានគេគោរពតាមឡើយ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា