ព័ត៌មានអន្តរជាតិ

ជប៉ុន ប្រារព្ធខួប ១២ឆ្នាំ នៃរលកយក្សស៊ូណាមិ បង្កគ្រោះមហន្ដរាយនុយក្លេអ៊ែរហ្វូគូស៊ីម៉ា

តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសៅរ៍នេះ បានប្រារព្ធខួប ១២ឆ្នាំចាប់តាំងពីការរញ្ជួយដីដ៏ធំ និងរលកយក្សស៊ូណាមិ បានវាយប្រហារភាគឦសាន របស់ប្រទេស ដោយបានឆក់យកជីវិត មនុស្សជាង ១៥០០០នាក់ និងបង្កឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ដែលនឹងចំណាយពេលរាប់ទសវត្សរ៍ដើម្បីសម្អាត។

ការងើបឡើងវិញពីការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងរលកយក្សស៊ូណាមិ ដែលបានបំផ្លិចបំផ្លាញខេត្ត Fukushima, Iwate និង Miyagi បានរីកចម្រើនក្នុងប៉ុន្មានឆ្នាំបន្តបន្ទាប់ ប៉ុន្តែមនុស្សប្រហែល ៣១០០០នាក់នៅតែត្រូវជម្លៀសចេញ គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២។ ផែនការសម្អាត នៅឯបរិវេណនុយក្លេអ៊ែរ Fukushima Daiichi ក៏កំពុងបង្កភាពចម្រូងចម្រាសផងដែរ។

នៅវេលាម៉ោង ២និង ៤៦នាទីរសៀល ដែលជាពេលវេលាពិតប្រាកដនៃការរញ្ជួយដីដ៏ធំបានវាយប្រហារក្នុងតំបន់នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១១ ប្រជាជនទូទាំងប្រទេស បានសង្កេតឃើញភាពស្ងប់ស្ងាត់មួយសន្ទុះ ដោយអ្នកស្រុកនៅតំបន់ ដែលរងគ្រោះខ្លាំងបំផុត បានប្តេជ្ញាបន្តមេរៀនពីគ្រោះមហន្តរាយនេះ។

ជាងមួយទស្សវត្សរ៍ពីគ្រោះមហន្តរាយនេះ រដ្ឋាភិបាលជាតិលែងរៀបចំ ពិធីរំលឹកវិញ្ញាណក្ខន្ធទៀតហើយ ដោយសាលាក្រុងនៅតំបន់ ដែលរងផលប៉ះពាល់រៀបចំព្រឹត្តិការណ៍ ក្នុងកម្រិតកាត់បន្ថយ។

នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ដែលបានចូលរួម ក្នុងពិធីមួយដែលរៀបចំដោយរដ្ឋាភិបាលខេត្ត Fukushima បានប្តេជ្ញាថារដ្ឋាភិបាលរបស់លោកនឹង “បន្តធ្វើឱ្យអស់ពីសមត្ថភាពរបស់ខ្លួន” ដើម្បីធានាបាន នូវការកសាងឡើងវិញនៃ Fukushima និងតំបន់ Tohoku កាន់តែទូលំទូលាយ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top