ព័ត៌មានអន្តរជាតិ

អឺរ៉ុប ស្វាគមន៍ការស្ដារទំនាក់ទំនង រវាងអ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត

ព្រុចសែល៖ សហភាពអឺរ៉ុប បានស្វាគមន៍ចំពោះកិច្ចព្រមព្រៀង ដោយអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ដើម្បីបន្តទំនាក់ទំនងការទូតឡើងវិញ ដោយថា ខ្លួនទន្ទឹងរង់ចាំការអនុវត្តរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានThe National។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយជាមួយប្រទេសចិនកាលពីថ្ងៃសុក្រ ទីក្រុងរីយ៉ាដ និងក្រុងតេអេរ៉ង់បានឲ្យដឹងថា ពួកគេបានយល់ព្រមបន្តទំនាក់ទំនងការទូតឡើងវិញ បន្ទាប់ពីកិច្ចចរចាជាច្រើន ថ្ងៃនៅទីក្រុងប៉េកាំង។

លោក Peter Stano អ្នកនាំពាក្យកិច្ចការបរទេសនាំមុខ របស់គណៈកម្មការអឺរ៉ុបបានឲ្យដឹងថា “ដោយសារអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ គឺជាស្នូលសម្រាប់សន្តិសុខក្នុងតំបន់ ការបន្តទំនាក់ទំនងទ្វេភាគី របស់ពួកគេឡើងវិញ អាចរួមចំណែកដល់ស្ថិរភាពនៃតំបន់ទាំងមូល” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបានលើកឡើងថា “ការលើកកម្ពស់សន្តិភាព និងស្ថិរភាព និងការសម្រេចបាន នូវការបន្ថយភាពតានតឹង នៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែទូលំទូលាយ គឺជាអាទិភាពសំខាន់ សម្រាប់សហភាពអឺរ៉ុប”។

លោកបន្ដថា “សហភាពអឺរ៉ុប នៅតែត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយតួអង្គទាំងអស់ នៅក្នុងតំបន់ក្នុងវិធីសាស្រ្តបន្តិចម្តងៗ និងរួមបញ្ចូល និងមានតម្លាភាពពេញលេញ”។

នៅក្នុងសេចក្តីថ្លែងការណ៍រួម អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត បានថ្លែងអំណរគុណដល់ប្រទេសអូម៉ង់ និងអ៊ីរ៉ាក់ ដែលបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចចរចាជាច្រើនលើកនៅទីក្រុងបាកដាដ សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ឆ្ពោះទៅរកភាគីទាំងពីរ ដែលយល់ព្រមស្តារទំនាក់ទំនងការទូតឡើងវិញ៕ ប្រែសម្រួល ឈូក បូរ៉ា

To Top