ព័ត៌មានអន្តរជាតិ

ឧត្តមសេនីយ៍ចូលនិវត្តន៍អាមេរិកថា ចិនអាចយកអាមេរិក ដោយមិនបាញ់ សូម្បីមួយគ្រាប់

បរទេស៖ លោក Jack Keane អតីតអនុសេនាធិការរង នៃកងទ័ពអាមេរិកបានលើកឡើងថា សហរដ្ឋអាមេរិកនឹងមានគុណវិបត្តិ ប្រសិនបើខ្លួនចូលរួមក្នុងការប្រឈមមុខគ្នាផ្នែកយោធាដោយផ្ទាល់ ជាមួយប្រទេសចិនជុំវិញកោះតៃវ៉ាន់។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់លោក Keane កាលពីថ្ងៃសុក្រនៅក្នុងការអត្ថាធិប្បាយទៅកាន់ Fox News ជាកន្លែងដែលលោកធ្វើការ ជាអ្នកវិភាគយុទ្ធសាស្ត្រជាន់ខ្ពស់ថា ប្រទេសចិនមាន “នាវាកាន់តែច្រើន យន្តហោះកាន់តែច្រើន និង មីស៊ីលវាយលុក និងការពារច្រើនជាងសហរដ្ឋអាមេរិក” នៅប៉ាស៊ីហ្វិកខាងលិច។

ទោះជាយ៉ាងនេះក្តី ឧត្តមសេនីយដែលចូលនិវត្តន៍រូបនេះ បានព្យាករណ៍ថា ទីក្រុងប៉េកាំងទំនងជានឹងជ្រើសរើសយក យុទ្ធសាស្ត្រផ្សេង ដែលខ្លួននឹងព្យាយាមធ្វើឱ្យកោះតៃវ៉ាន់ស្ថិតនៅក្រោមការគ្រប់គ្រងដោយដាក់ការបិទផ្លូវទាំងស្រុង។

ឧត្តមសេនីយចូលនិវត្តន៍រូបនេះបានអះអាងទៀតថា ប្រទេសចិនអាចយកឈ្នះ “ដោយមិនបាញ់សូម្បីមួយគ្រាប់” ជាជាងចូលរួមក្នុងការប្រឈមមុខគ្នាបែបធ្ងន់ធ្ងរ។

លោក Keane បានលើកឡើងទៀតថា ដើម្បីធានាបាននូវលទ្ធផលនោះ ថ្នាក់ដឹកនាំនៅទីក្រុងប៉េកាំង ចាំបាច់ត្រូវបង្កើតការគ្រប់គ្រងលើដែនអាកាស របស់តៃវ៉ាន់ ក៏ដូចជាផ្លូវសមុទ្រ៕​​ ប្រែសម្រួលៈ ណៃ តុលា

To Top