ព័ត៌មានអន្តរជាតិ

បទវិភាគ៖ ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បើកទំព័រថ្មី

យប់ថ្ងៃទី ១០ ខែមីនា សាធារណរដ្ឋប្រជាមានិតចិន ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ បានចេញផ្សាយសេចក្តីថ្លែងការណ៍ត្រីភាគីរួម នៅក្រុងប៉េកាំង ប្រព័ន្ធសារព័ត៌មានសំខាន់ៗ របស់ទូទាំងពិភពលោក បានផ្តោតសំខាន់ និងផ្សព្វផ្សាយព័ត៌មាននេះ យ៉ាងទាន់ហេតុការណ៍ ។

ក្នុងសេចក្តីថ្លែងការណ៍រួមនេះ ប្រទេសទាំង ៣ បានប្រកាសថា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយ ដែលបានឯកភាពគ្នាថា នឹងរៀបចំឡើងវិញ នូវទំនាក់ទំនងការទូត រវាងភាគីទាំងពីរ នឹងបើកជាថ្មីឡើងវិញ នូវស្ថានទូតនិងអង្គភាពតំណាងការទូតរៀងខ្លួន ក្នុងរយៈពេលយ៉ាងយូរបំផុត គឺ ២ ខែខាងមុខ ក៏ដូចជានឹងរៀបចាំចាត់ចែង ការចាត់បញ្ជូនឯកអគ្គរដ្ឋទូតគ្នាទៅវិញទៅមក និងធ្វើការពិគ្រោះពិភាក្សាគ្នាអំពីការបង្កើនទំនាក់ទំនងទ្វេភាគីជាដើម ។

“ទំនាក់ទំនងរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានបើកទំព័រថ្មី” “បើនិយាយចំពោះការទូតរបស់មជ្ឈិមបូព៌ា នេះគឺជាការវិវឌ្ឍរីកចម្រើនយ៉ាងធំធេង” “ព្រឹតិ្តការណ៍នេះមានសារៈសំខាន់ ជានិមិត្តសញ្ញាក្នុងប្រវតិ្តសាស្ត្រ ” ។ល។ ប្រព័ន្ធសារព័ត៌មានអន្តរជាតិជាច្រើន បានវាយតម្លៃវិជ្ជមានជាទូទៅចំពោះរឿងនេះ ។ ទោះបីជាប្រព័ន្ធសារព័ត៌មាន នៃបស្ចិមប្រទេស ដែលងប់ងល់នឹងការ”រកឆ្អឹងក្នុងស៊ុត” រករឿងចំពោះប្រទេសចិនក៏ដោយ ក៏សុទ្ធតែបានទទួលស្គាល់ពីកិច្ចខិតខំប្រឹងប្រែង ការផ្សះផ្សារនិងសម្របសម្រួល របស់ប្រទេសចិនដែរ ។ ចំណែកឯតំបន់មជ្ឈិមបូព៌ាវិញ ក៏កាន់តែមានប្រតិកម្មជាវិជ្ជមាន ប្រទេសជាច្រើន ដូចជាអ៊ីរ៉ាក់ អូម៉ង់និងលីបង់ជាដើម បានសម្តែងការស្វាគមន៍ចំពោះលទ្ធផល នៃកិច្ចសន្ទនារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ក្រុងប៉េកាំង ។

សូមបញ្ជាក់ថា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់គឺជាតំណាងនៃនិកាយស៊ុននី និងនិកាយស៊ីអ៊ីត នៃសាសនាអ៊ីស្លាមដោយឡែកពីគ្នា ហើយបានស្ថិតក្នុងស្ថានភាពបដិបក្ខគ្នា ក្នុងរយៈពេលជាយូរណាស់មកហើយ ក្នុងបញ្ហាដូចជា វិបត្តិស៊ីរី ស្ថានការណ៍លីបង់និងសង្គ្រាម ក្នុងស្រុកនៅយេម៉ែនជាដើម ។ កាលពីដើមឆ្នាំ ២០១៦ អារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានផ្តាច់ទំនាក់ទំនងការទូត ដោយសារហេតុការណ៍ពាក់ព័ន្ធ នឹងបព្វជិតនិកាយស៊ីអ៊ីត សញ្ជាតិអារ៉ាប៊ីសាអូឌីត ។
ក្នុងបរិបទបែបនេះ អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ បានសម្រេចចិត្តរៀបចំឡើងវិញ នូវទំនាក់ទំនងការទូតឡើងវិញ ក្រោមការផ្សះផ្សារនិងកិច្ចសម្របសម្រួលរបស់ចិន ប្រការនេះបានធ្វើឱ្យ ប្រព័ន្ធសារព័ត៌មានបរទេសមួយចំនួន ភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយថា នេះជារឿង ដែលនឹកស្មានមិនដល់ទាល់តែសោះ ។

តាមពិតទៅ ប្រសិនបើពិនិត្យសង្កេតយ៉ាងស៊ីជម្រៅ ចំពោះបម្រែបម្រួលនៃស្ថានការណ៍មជ្ឈិមបូព៌ា និងកិច្ចខិតខំប្រឹងប្រែងការទូតរបស់ចិន នោះ ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់នៅក្រុងប៉េកាំង គឺ សមហេតុសមផល ។
ក្នុងរយៈពេលច្រើនឆ្នាំកន្លងមកនេះ ប្រទេសមជ្ឈិមបូព៌ា បានដឹងច្បាស់ហើយថា អាមេរិកមិនអាចទុកចិត្តបានទេ មានតែធ្វើកិច្ចសន្ទនា និងកិច្ចចរចាសន្តិភាព ទើបអាចដោះស្រាយបញ្ហាបាន ហើយជោគវាសនានៃតំបន់ចាំបាច់ត្រូវក្តាប់ ក្នុងដៃរបស់ប្រជាជនមជ្ឈិមបូព៌ាខ្លួនឯង ។ នេះជាកម្លាំងចលករផ្ទៃក្នុង ដែលធ្វើឱ្យអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់សម្រេចចិត្តរៀបចំឡើងវិញ នូវទំនាក់ទំនងការទូត ។

នោះហេតុអ្វីបានជាពួកគេជ្រើសរើស ធ្វើកិច្ចសន្ទនានៅក្រុងប៉េកាំង ? នេះគឺដោយសារប្រទេសចិនគាំទ្រ ប្រទេសមជ្ឈិមបូព៌ាសម្រេចបាន នូវភាពម្ចាស់ការខាងយុទ្ធសាស្ត្រ គាំទ្រពួកគេដោះស្រាយបញ្ហា តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នា ជាប់រហូត ប្រទេសចិនមិនមានភាពលំអៀង ចំពោះប្រទេសណាមួយ មិនស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន និងមិនបង្កើតជាក្រុមសម័្ពន្ធតូច ហើយចិនជាមិត្តភក្តិពិតប្រាកដ ដែលគួរឱ្យប្រទេសមជ្ឈិមបូព៌ាជឿទុកចិត្តបាន ។

សូមបញ្ជាក់ដែរថា អារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ សុទ្ធតែជាប្រទេសធំនៃតំបន់មជ្ឈិមបូព៌ា ។ ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ បានបង្កើតជាគំរូល្អសម្រាប់ការសម្រេច បាននូវសន្តិភាពនិងស្ថិរភាពក្នុងតំបន់ ក៏ដូចជាដោះស្រាយការខ្វែងគំនិត តាមរយៈកិច្ចសន្ទនានិងពិគ្រោះពិភាក្សាគ្នាផងដែរ ។ អ្នកវិភាគសម្គាល់ឃើញថា ប្រការនេះនឹងដើរតួនាទីវិជ្ជមានដល់ការបន្ធូរបន្ថយ និងដោះស្រាយសង្គ្រាមក្នុងស្រុក នៅប្រទេសយេម៉ែន ស៊ីរីនិងលីប៊ីជាដើម ។

ជាងនេះទៅទៀត ការផ្សះផ្សារវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់ ក៏បានផ្តល់ផលវិជ្ជមានដ៏សំខាន់ដល់ពិភពលោក ដែលមានភាពរង្គោះរង្គើនិងបម្រែបម្រួល ។ ប្រការនេះបានប្រាប់ទៅកាន់ពិភពលោក តាមរយៈការពិតជាក់ស្តែងថា កម្លាំងបាយមិនអាចដោះស្រាយបញ្ហាបានទេ ការធ្វើកិច្ចសន្ទនាទើបជាច្រកចេញតែមួយគត់៕

To Top