ព័ត៌មានអន្តរជាតិ

តារាសម្តែងចិន កុំកុំ ត្រូវគេដាក់ញត្តិតាមអនឡាញ​ សុំឱ្យដកលោកចេញពីកម្មវិធី Oscars នៅថ្ងៃទី១៣មីនាខាងមុខ

បរទេស៖ ញត្តិតាមអ៊ិនធ័រណេតប្រឆាំង នឹងតារាភាពយន្ដក្បាច់គុន Donnie Yen ឬ កុំកុំ ដែលបង្ហាញពានរង្វាន់នៅ Oscars ត្រូវបានបោះពុម្ពកាលពីសប្តាហ៍មុន ហើយបានទទួលហត្ថលេខាជាង ៩០ ០០០ គិតត្រឹមថ្ងៃព្រហស្បតិ៍។ អ្នកដាក់ញត្តិចោទលោក Yen ហៅកុំកុំថា បានគាំទ្របក្សកុម្មុយនិស្តចិន (CCP)។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ញត្តិតាមអ៊ិនធ័រណេតនេះ ត្រូវបានចាប់ផ្តើមដោយសកម្មជនហុងកុងដ៏ល្បីឈ្មោះ Tong Wai-Hung។ អត្ថបទដែលបានបង្ហោះ នៅលើគេហទំព័រ Change.org អះអាងថា កុំកុំ បានធ្វើ “ការកត់សម្គាល់ជាច្រើនក្នុងការគាំទ្រ គោលនយោបាយរបស់រដ្ឋាភិបាលចិន” និងបានហៅក្រុមបាតុករហុងកុង ក្នុងឆ្នាំ ២០១៩ ថាជា “កុប្បកម្ម” ។

លោក Tong បាននិយាយថា “ការលើកឡើងទាំងនេះ មិនត្រឹមតែរំលោភលើស្មារតី នៃសេរីភាពនៃការបញ្ចេញមតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបដិសេធសិទ្ធិរបស់ប្រជាជនហុងកុង ក្នុងការតស៊ូដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ របស់ពួកគេផងដែរ។” ដូច្នេះហើយ ញត្តិជំរុញឱ្យ Oscars លុបចោលការបង្ហាញខ្លួនរបស់ កុំកុំ នៅក្នុងពិធីនេះ ដែលបច្ចុប្បន្នគ្រោងធ្វើនៅថ្ងៃទី ១៣ ខែមីនា។

លោក Donnie Yen ឬគេស្គាល់ជាទូទៅថា កុំកុំ អាយុ ៥៩ឆ្នាំគឺជាតារាភាពយន្តបែប Action វាយតប់ ដែលគេស្គាល់ថាដើរតួជា Ip Man ដែលជាគ្រូនៃខ្សែភាពយន្តក្បាច់គុន Bruce Lee នៅក្នុងស៊េរីខ្សែភាពយន្ត ដែលមានឈ្មោះចន្លោះឆ្នាំ ២០០៨ និង ២ឥ១៩ ។ ភាពយន្តអាមេរិក របស់លោករួមមាន Rogue One: A Star Wars Story និង John Wick វគ្គថ្មី Chapter 4។

នៅក្នុងបទសម្ភាសន៍ខែកុម្ភៈជាមួយ GQ លោក Yen បាននិយាយថា លោកជាជនជាតិចិន ដែលមានមោទនភាព ហើយថែមទាំងរិះគន់ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិច ចំពោះការផ្តោតលើរឿងអវិជ្ជមាន អំពីស្រុកកំណើតរបស់លោក ខណៈពេលដែលលោកមិនបានអើពើ នឹងវឌ្ឍនភាពដែលទីក្រុងប៉េកាំងបានធ្វើ។ អត្ថបទនោះក៏បានលើកឡើងដែរថា «ស្នេហាជាតិរបស់កុំកុំ អាចធ្វើឲ្យគាត់មានបញ្ហា»៕ ប្រែសម្រួលៈ ណៃ តុលា

To Top