ព័ត៌មានអន្តរជាតិ

Update៖ លោក ពូទីន ចូលរួមអបអរសាទរដល់លោក ហ្ស៊ី ជិនពីង ដែលបានក្លាយ ជាប្រធានាធិបតីចិន សម្រាប់អាណត្តិទី៣

ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី បានផ្ញើសារមួយទៅកាន់សមភាគីចិន លោក ហ្ស៊ី ជីនពីង ដោយអបអរសាទរយ៉ាងកក់ក្តៅចំពោះលោកចំពោះការបោះឆ្នោតរបស់លោក ក្លាយជាប្រធានាធិបតីចិន ។

លោក ពូទីន បានថ្លែងថា លោកចង់ចូលរួមអបអរសាទរ យ៉ាងកក់ក្តៅចំពោះលោក ហ្ស៊ី នៅក្នុងឱកាសដែលលោកបានជាប់ឆ្នោតជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ។

សេចក្តីសម្រេច ដែលត្រូវបានអនុម័ត ដោយសភាប្រជាជនជាតិនៃប្រទេសចិន បានបង្ហាញថា លោក ហ្ស៊ី ក្នុងឋានៈជាប្រមុខរដ្ឋ មានកិត្យានុភាពខ្ពស់ ហើយថា យុទ្ធសាស្ត្រ ដែលលោកបានបង្កើតលើការលើកកម្ពស់ ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ប្រទេសចិន និងលើការការពារផលប្រយោជន៍ របស់ប្រទេសចិន នៅលើឆាកអន្តរជាតិបានទទួលការគាំទ្រ ។
លោក ពូទីន បានថ្លែងដូច្នេះ ។

ភាគីរុស្ស៊ី លើកឡើងយ៉ាងមុតមាំ ចំពោះការរួមចំណែករបស់លោក ហ្ស៊ី ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយនៃការសម្របសម្រួលរវាងរុស្ស៊ី និងចិន ដោយបង្ហាញជំនឿយ៉ាងមុតមាំថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារបស់ភាគីទាំងពីរ កិច្ចសហប្រតិបត្តិការរុស្ស៊ី និងចិនក្នុងវិស័យផ្សេងៗនឹងបន្តទទួលបានលទ្ធផលជាផ្លែផ្កា ។

លោក ពូទីន បានថ្លែងថា លោកនឹងបន្តរក្សាទំនាក់ទំនង និងការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយលោក ហ្ស៊ី លើបញ្ហាសំខាន់ៗក្នុងតំបន់ និងអន្តរជាតិ ។ លោកមានបំណងថា លោក ហ្ស៊ី នឹងសម្រេចបានសមិទ្ធផលថ្មី និងធំជាងនេះក្នុងការលើកកម្ពស់ សុខុមាលភាព របស់ប្រជាជនចិន ដែលជាមិត្ត ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top