BBC៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ថា អាជ្ញាធរនៅក្នុងរដ្ឋតិចសាស់ របស់សហរដ្ឋអាមេរិក បានណែនាំដល់ពលរដ្ឋអាមេរិក កុំឲ្យធ្វើដំណើរទៅកាន់ម៉ិកស៊ិក នៅក្នុងអំឡុងពេលថ្ងៃឈប់សម្រាក និទាឃរដូវ ដោយលើកហេតុផលថា វាពាក់ព័ន្ធនឹងសុវត្ថិភាព ។
នាយកដ្ឋានសុវត្ថិភាពសាធារណៈ រដ្ឋតិចសាស់ ហៅកាត់ថា (DPS) បានឲ្យដឹងថា អំពើហឹង្សារបស់ក្រុមជួញដូរគ្រឿងញៀន តំណាងឱ្យការគំរាមកំហែង យ៉ាងសំខាន់ សម្រាប់នរណាម្នាក់ ដែលឆ្លងចូលទៅក្នុង ប្រទេសម៉ិកស៊ិក ។
ករណីនេះកើតឡើង បន្ទាប់ពីជនជាតិអាមេរិកាំង៤នាក់ ត្រូវបានចាប់ជំរិតភ្លាមៗ បន្ទាប់ពីឆ្លងកាត់ព្រំដែនកាលពីសប្តាហ៍មុន ។
ជនជាតិអាមេរិកាំង២នាក់ ក្នុងចំណោមពួកគេ ត្រូវបានគេធ្វើឃាត ខណៈ២នាក់ ត្រូវបានគេដោះលែង ដោយគ្មានរបួសស្នាមអ្វីទេ ។
ស្ត្រីជនជាតិអាមេរិកាំង៣នាក់ ដែលទៅលក់ខោអាវ នៅក្នុងប្រទេសម៉ិកស៊ិក បានបាត់ខ្លួនជាង២សប្តាហ៍មកហើយ ។
លោក Steven McCraw ប្រធាននាយកដ្ឋាន DPS បានលើកឡើងថា “អំពើហឹង្សារបស់ក្រុមជួញដូរគ្រឿងញៀន និងសកម្មភាពឧក្រិដ្ឋកម្មផ្សេងទៀត តំណាងឱ្យការគំរាមកំហែង សុវត្ថិភាពយ៉ាងសំខាន់ ចំពោះនរណាម្នាក់ ដែលឆ្លងចូលទៅក្នុងប្រទេសម៉ិកស៊ិក នាពេលឥឡូវនេះ” ៕
ដោយ៖ ម៉ៅ បុប្ផាមករា