ព័ត៌មានអន្តរជាតិ

Update៖ សម្ព័ន្ធមិត្តអាមេរិក បង្ហាញផែនការនៃការ បង្កើតកងនាវាមុជទឹក ដើរដោយថាមពល នុយក្លេអ៊ែរ ជំនាន់ថ្មី

សាន់ឌីយ៉ាហ្គោ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា មេដឹកនាំសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានបង្ហាញព័ត៌មានលម្អិតថ្មីនៃផែនការរបស់ពួកគេ ក្នុងការបង្កើតកងនាវានៃនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរជំនាន់ថ្មី ។


ស្ថិតក្រោមកិច្ចព្រមព្រៀង Aukus អូស្ត្រាលី នឹងទទួលនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ យ៉ាងហោច ណាស់៣គ្រឿង ពីសហរដ្ឋអាមេរិក ។

សម្ព័ន្ធមិត្តក៏នឹងធ្វើការរួមគ្នាដើម្បីបង្កើតកងនាវាថ្មីដោយប្រើបច្ចេកវិទ្យាទំនើប រួមទាំងម៉ាស៊ីនរ៉េអាក់ទ័រដែលផលិតដោយ ក្រុមហ៊ុន Rolls-Royce នៅចក្រភពអង់គ្លេសផងដែរ ។

គួរបញ្ជាក់ថា កតិកាសញ្ញានេះមានគោលបំណងប្រឆាំងនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ។

ថ្លែងជាមួយមេដឹកនាំផ្សេងទៀតនៅទីក្រុងសាន់ឌីយ៉ាហ្គោ រដ្ឋកាលីហ្វ័រនីញ៉ា លោក ចូ បៃដិន ប្រធានាធិបតីអាមេរិក បានសង្កត់ធ្ងន់ថា កប៉ាល់ទាំងនោះនឹងមិនមានអាវុធនុយក្លេអ៊ែរ ហើយនឹងមិនធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញា ចិត្តរបស់អូស្ត្រាលី ក្នុងការក្លាយជាប្រទេសគ្មាននុយក្លេអ៊ែរនោះទេ ។

ក្រោមកិច្ចព្រមព្រៀងដែលបានគូសបញ្ជាក់កាលពីថ្ងៃចន្ទ សមាជិកនៃកងនាវាចរអូស្ត្រាលី ហៅកាត់ថា (RAN) នឹងត្រូវបានបង្កប់នៅមូលដ្ឋាននាវាមុជទឹករបស់សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសចាប់ពីឆ្នាំនេះ ដើម្បីទទួលបាន ជំនាញចាំបាច់ក្នុងការប្រើប្រាស់នាវាមុជទឹកនេះ ។

គិតចាប់ពីឆ្នាំ២០២៧ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស នឹងដាក់មូលដ្ឋាននុយក្លេអ៊ែរមួយចំនួនតូចនៅឯមូលដ្ឋាន RAN នៅទីក្រុង Perth ភាគខាងលិចនៃប្រទេសអូស្ត្រាលី នៅមុនពេលដែលអូស្ត្រាលីទិញនាវាមុជទឹកពីអាមេរិក Virginia ចំនួន៣ គ្រឿងនៅដើមទសវត្សរ៍ឆ្នាំ២០២៣ ជាមួយនឹងជម្រើសក្នុងការទិញ២គ្រឿងបន្ថែមទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top