ព័ត៌មានអន្តរជាតិ

Update៖ ទាហានរបស់រុស្ស៊ីម្នាក់ គេចខ្លួនអស់រយៈពេល៦ខែ នៅក្រុង Kharkov ត្រូវបានឃុំខ្លួន

គៀវ៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ថា ប៉ូលិសអ៊ុយក្រែនបានឲ្យដឹងថា ទាហានរុស្ស៊ីម្នាក់ដែលអះអាងថា បានគេចពីការរកឃើញនៅក្នុងតំបន់ Kharkov របស់អ៊ុយក្រែនអស់រយៈពេល៦ខែត្រូវបានឃុំខ្លួន ។

នាយកដ្ឋានប៉ូលិសនៅក្នុងតំបន់ Kharkov បានលើកឡើងថា ទាហានអាយុ៤២ឆ្នាំត្រូវបានឃាត់ខ្លួនដោយសមាជិកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន ខណៈដែលពួកគេកំពុងល្បាតក្នុងសង្កាត់ Kupiansk ។

គួររំលឹកថា នៅក្នុងតំបន់នេះត្រូវបានកងកម្លាំងអ៊ុយក្រែនដណ្តើមយកមកវិញកាលពីខែកញ្ញាមុន ។

ទាហានបានប្រាប់ដល់ប៉ូលិសថា គាត់បានលាក់ខ្លួននៅក្នុងអគារដែលគេទុកចោលតាំងពីពេលនោះមក ។

បន្ទាប់ពីពួកគេបានរកឃើញគាត់កាលពីថ្ងៃចន្ទ ប៉ូលិសបានរកឃើញថា បុរសនោះស្លៀកពាក់ស៊ីវិល គឺជាទាហានម្នាក់ជាមួយកងពលតូចឆ្មាំការពារលេខ២៧របស់រុស្ស៊ី និងជាអ្នកស្រុកនៅតំបន់ម៉ូស្គូ ។

សេចក្តីថ្លែងការណ៍របស់ប៉ូលិសបានដាក់ថា ទាហានត្រូវបាននាំទៅកាន់ប៉ុស្តិ៍ប៉ូលិសនៅក្នុងតំបន់ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top