ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ រួមទាំងប្រទេសហុងឌូរ៉ាស ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ។
យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ប្រធានាធិបតីហុងឌូរ៉ាស បានសម្តែងការត្រៀមខ្លួនជាស្រេចក្នុងការបង្កើតទំនាក់ទំនងការទូតជាផ្លូវការជាមួយប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Wang បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នៅពេលឆ្លើយសំណួរពាក់ព័ន្ធថា “យើងស្វាគមន៍ ចំពោះសេចក្តីថ្លែងការណ៍របស់ភាគីហុងឌូរ៉ាស” ។
លោកបានបន្ថែមថា ការពិតដែលថាប្រទេសចំនួន ១៨១ប្រទេស បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដោយឈរលើមូលដ្ឋាន នៃគោលការណ៍ចិនតែមួយ បង្ហាញយ៉ាងពេញលេញថា ការបង្កើតទំនាក់ទំនងការទូត ជាមួយប្រទេសចិន គឺជាជម្រើសដ៏ត្រឹមត្រូវដែលស្របតាម និន្នាការនៃប្រវត្តិសាស្ត្រ និងសម័យកាលរបស់យើង ។
លោកបានបន្ដថា “ប្រទេសចិន ត្រៀមខ្លួនជាស្រេចក្នុងការបង្កើនទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទាំងអស់ រួមទាំងប្រទេសហុងឌូរ៉ាស ដោយឈរលើមូលដ្ឋាននៃគោលការណ៍ចិនតែមួយ”៕ ប្រែសម្រួល ឈូក បូរ៉ា