បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅសហរដ្ឋអាមេរិកបានចោទសមាជិកព្រឹទ្ធសភាគឺលោក Lindsey Graham ពីបទបង្កឱ្យមាន “ការកើនឡើងដ៏គ្រោះថ្នាក់” រវាងប្រទេសទាំងពីរ បន្ទាប់ពីសមាជិកសភាជាន់ខ្ពស់រូបនេះ បានជំរុញឱ្យមន្ទីរបញ្ចកោណបាញ់លើយន្តហោះចម្បាំងរុស្ស៊ី។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា នៅពេលសួរអំពីការអត្ថាធិប្បាយរបស់លោក Graham កាលពីថ្ងៃពុធ, ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Anatoly Antonov បាននិយាយថា ការអំពាវនាវរបស់សមាជិកព្រឹទ្ធសភាឱ្យបាញ់ទម្លាក់យន្តហោះរុស្ស៊ី គឺវា “ហួសពីសុភវិនិច្ឆ័យ” ហើយវាបានប្រថុយប្រថានទៅដល់សង្គ្រាមទាំងអស់រវាងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក។
លោកបន្តថា “នេះមិនមែនជាការប៉ុនប៉ងលើកដំបូងរបស់សមាជិកសភាដ៏ល្បីឈ្មោះ ដើម្បីបង្កឲ្យមានការកើនឡើងដ៏គ្រោះថ្នាក់នៅក្នុងទំនាក់ទំនងអាមេរិក និងរុស្ស៊ីនោះទេ។ កាលពីមួយឆ្នាំមុន លោក Graham ក៏បានជំរុញពលរដ្ឋរបស់យើងឲ្យធ្វើការប៉ុនប៉ងធ្វើឃាតលើប្រធានាធិបតីរុស្ស៊ីផងដែរ»។ “តើសមាជិកព្រឹទ្ធសភា Graham ពិតជាជឿថា ការប៉ះទង្គិចគ្នាដោយយោធាដោយផ្ទាល់ជាមួយរុស្ស៊ីគឺជាផលប្រយោជន៍របស់អ្នកបោះឆ្នោតដែលបានប្រគល់ឱ្យគាត់នូវជីវិតនិងជីវភាពរស់នៅរបស់ពួកគេមែនទេ?”
សូមជម្រាបថា ពាក់ព័ន្ធនឹងឧប្បតិហេតុ ធ្លាក់យន្តហោះ MQ-9 Reaper អាមេរិក នេះដែរ មន្ទីរបញ្ចកោណបានចោទប្រកាន់អាកាសយានិកយោធារុស្ស៊ីថា បានធ្វើសមយុទ្ធដែនអាកាសដែលមិនមានសុវត្ថិភាពនៅជិតយន្តហោះគ្មានមនុស្សបើកដែលខ្លួនអះអាងថា កំពុងបំពេញបេសកកម្មឃ្លាំមើលនៅជិតតំបន់គ្រីមៀ។ នៅពេលនោះ គឺយន្តហោះចម្បាំងរុស្ស៊ី Su-27 ត្រូវបានគេចោទប្រកាន់ថា បានបុកស្លាបរបស់ Reaper បណ្តាលឱ្យវាធ្លាក់ចូលទៅក្នុងសមុទ្រ។
ក្រសួងការពារជាតិរុស្ស៊ីបានច្រានចោលសេចក្តីរាយការណ៍អំពីការប៉ះទង្គិចគ្នានេះ ហើយបានអះអាងថា យន្តហោះគ្មានមនុស្សបើកបានគាំងរលត់ម៉ាស៊ីន បន្ទាប់ពីបានធ្វើសមយុទ្ធដ៏ខ្លាំងក្លាមួយ។ ឯកអគ្គរដ្ឋទូតរបស់ទីក្រុងម៉ូស្គូ ប្រចាំសហរដ្ឋអាមេរិក លោក Anatoly Antonov បានលើកឡើងថា យន្តហោះគ្មានមនុស្សបើករបស់អាមេរិក ដែលអាចផ្ទុកអាវុធ មិនមានអាជីវកម្មហោះហើរនៅជិតព្រំដែនរុស្ស៊ីនោះទេ៕ប្រែសម្រួលៈ ណៃ តុលា