ព័ត៌មានអន្តរជាតិ

Update៖ អ្នកការទូតជាន់ខ្ពស់ចិន ប្រាប់សមភាគីអ៊ុយក្រែនថា ចិនព្រួយបារម្ភអំពីការកើនឡើង សង្គ្រាមនៅអ៊ុយក្រែន

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ថា លោក Qin Gang អ្នកការទូតជាន់ខ្ពស់ចិន បានប្រាប់ដល់សមភាគីអ៊ុយក្រែន តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិន មានការព្រួយបារម្ភអំពីការកើនឡើងនៃសង្រ្គាមនៅអ៊ុយក្រែន ហើយចង់ឱ្យក្រុងម៉ូស្គូ និងក្រុងគៀវ ធ្វើកិច្ចចរចាគ្នាដើម្បីសន្តិភាព ។

ប្រទេសចិន ដែលបានបដិសេធមិនថ្កោលទោសរុស្ស៊ី ចំពោះការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែន បានជំរុញឱ្យភាគីទាំង២យល់ព្រមលើការបន្ធូរបន្ថយបន្តិចម្តងៗដែលនាំទៅដល់បទឈប់បាញ់ដ៏ទូលំទូលាយនៅក្នុងឯកសារចំនួន១២ចំណុចរបស់ខ្លួនស្តីពី “ដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន” ។

ផែនការដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីភាគីទាំង២បានអំពាវនាវឱ្យមានការការពារជនស៊ីវិល និងការគោរពអធិបតេយ្យភាពរបស់គ្នាទៅវិញទៅមក ។

លោក Qin បានប្រាប់ដល់រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ថា “ប្រទេសចិន សង្ឃឹមថា គ្រប់ភាគីទាំងអស់នឹងរក្សាភាពស្ងប់ស្ងាត់ សនិទានភាព និងការអត់ធ្មត់ ហើយបន្តការចរចាសន្តិភាពឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន” ។

លោក ហ្ស៊ី ជិនពីង ប្រធានាធិបតីចិន ត្រូវបានគេរំពឹងថា នឹងធ្វើទស្សនកិច្ចនៅរុស្ស៊ីជួបជាមួយលោក ប្លាឌីមៀ ពូទីន នៅសប្តាហ៍ក្រោយ ហើយនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ។

ក្រុមអ្នកវិភាគបានលើកឡើងថា រឿងនេះនឹងពិបាកសម្រាប់ប្រទេសចិន ក្នុងការនាំឲ្យរុស្ស៊ី និងអ៊ុយក្រែន ងាកទៅរកតុចរចា ប៉ុន្តែអ្នកខ្លះបានចង្អុលបង្ហាញថា លោក ហ្ស៊ី អាចដើរតួជា “បណ្តាញខាងក្រោយ” សម្រាប់ការចាប់ផ្តើមនៃសន្ទុះឆ្ពោះទៅរកកិច្ចចរចាគ្នា ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top