ឡាអេ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ថា តុលាការឧក្រិដ្ឋកម្ម អន្តរជាតិ ហៅកាត់ថា (ICC) កាលពីថ្ងៃសុក្របានប្រកាសដីកាចាប់ខ្លួនលោក វ្ល៉ាឌីមៀ ពូទីនប្រធានាធិបតីរុស្ស៊ី ដោយចោទ ពីបទឧក្រិដ្ឋកម្មសង្រ្គាម ពីបទនិរទេសខ្លួនកុមារអ៊ុយក្រែនដោយខុសច្បាប់ ។
តុលា ICC ដែលមានមូលដ្ឋាននៅទីក្រុងឡាអេ បានឲ្យដឹងថា ខ្លួនក៏បានចេញដីកាប្រឆាំងនឹងលោក Maria Lvova-Belova ស្នងការរបស់ប្រធានាធិបតីរុស្ស៊ី សម្រាប់សិទ្ធិកុមារលើការចោទប្រកាន់ដែលស្រដៀងគ្នាដែរ ។
ជុំវិញការប្រកាសនេះដែរ វិមានក្រឹមឡាំងបានច្រានចោលការដាក់បទបញ្ជានេះថា ជា “មោឃៈ” ។ រុស្ស៊ី មិនមែនជាភាគីរបស់ ICC នោះទេ ដូច្នេះវាមិនច្បាស់ ថាតើ លោក ពូទីន អាចធ្វើបត្យាប័នឬយ៉ាងណានោះទេ ។
ប្រទេសអ៊ុយក្រែន ដែលមានជម្លោះដោយសង្រ្គាមបានស្វាគមន៍សេចក្តីប្រកាសរបស់តុលាការ ICC ដោយប្រធានរដ្ឋអាជ្ញា របស់ប្រទេសនេះបានលើកឡើងថា ដីកាជាប្រវត្តិសាស្ត្រសម្រាប់លោក ពូទីន គឺជា “ការចាប់ផ្តើមដំបូងប៉ុណ្ណោះ” ។
គួរបញ្ជាក់ថា ការជូនដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលរបស់តុលាការបានកើតឡើង នៅប៉ុន្មានម៉ោងបន្ទាប់ពីព័ត៌មានផ្សេង ទៀត ដែលមានសក្តានុពលក្នុងការជះឥទ្ធិពល យ៉ាងខ្លាំងដល់សង្គ្រាមរបស់រុស្ស៊ី មកលើអ៊ុយក្រែន រួមទាំងដំណើរទស្សនកិច្ចនៅ ទីក្រុងម៉ូស្គូរបស់មេដឹកនាំចិន ហ្ស៊ី ជិនពីង និងយន្តហោះចម្បាំងជាច្រើន ទៀតសម្រាប់កងកម្លាំងរបស់ក្រុងគៀវ ។
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា