ព័ត៌មានអន្តរជាតិ

អាមេរិក បញ្ជាក់ថា មានការប្រើប្រាស់គ្រាប់រំសេវ របស់ចិន នៅអ៊ុយក្រែន 

វ៉ាស៊ីនតោន៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា សហរដ្ឋអាមេរិកបានបញ្ជាក់ថា គ្រាប់រំសេវចិនជាច្រើនគ្រាប់ ត្រូវបានប្រើប្រាស់ក្នុងសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ហើយសង្ស័យថា គ្រាប់ទាំងនោះត្រូវបានបាញ់ ដោយកងកម្លាំងរុស្ស៊ី។

ថាតើគ្រាប់រំសេវត្រូវបានផ្គត់ផ្គង់ ដោយប្រទេសចិន នៅតែមិនទាន់ច្បាស់នៅឡើយ ប្រភពរដ្ឋបាលរបស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ខណៈពេលដែលបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន នឹងចាត់វិធានការ ប្រសិនបើវាត្រូវបានផ្ទៀងផ្ទាត់ថា ទីក្រុងប៉េកាំង បានធ្វើការផ្គត់ផ្គង់មែននោះ។

ចំពេលមានការខ្វែងគំនិតគ្នាជាច្រើន រវាងសហរដ្ឋអាមេរិក និងចិន ក្រុមមន្ត្រីបានឲ្យដឹង កាលពីពេលថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោន មានព័ត៌មានសម្ងាត់ ដែលបង្ហាញថាទីក្រុងប៉េកាំងកំពុងពិចារណាបញ្ជូនអាវុធ និងគ្រាប់រំសេវទៅកាន់ប្រទេសរុស្ស៊ី។

មន្ត្រីក្រសួងការបរទេសអាមេរិកម្នាក់ បានប្រាប់ Kyodo News ថា “វាជាអ្វីមួយដែលយើងមានការប្រុងប្រយ័ត្ន និងបន្តឃ្លាំមើលយ៉ាងប្រុងប្រយ័ត្ន” ។ យោងតាមប្រភពបានឱ្យដឹងថា សហរដ្ឋអាមេរិក បានជូនដំណឹងដល់ដៃគូរបស់ខ្លួនមួយចំនួន អំពីការបញ្ជាក់នេះ។

ការ​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​ប្រធានាធិបតី​ចិនលោក ស៊ី ជីនពីង គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ម៉ូស្គូ សម្រាប់​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ រយៈពេល ៣ថ្ងៃ​ចាប់​ពី​ថ្ងៃ​ចន្ទ។  នៅក្នុង​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ ទៅកាន់​រុស្ស៊ី​ចាប់តាំងពី​ការ​ឈ្លានពាន​អ៊ុយក្រែន បាន​ចាប់ផ្តើម​កាលពី​ខែកុម្ភៈ​ឆ្នាំមុន លោក​ស៊ី ជីនពីង ត្រូវបាន​គេ​រំពឹងថា ​នឹង​បញ្ជាក់​ឡើងវិញ​នូវ​ទំនាក់ទំនង​ជិតស្និទ្ធ ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន​៕ ប្រែសម្រួល ឈូក បូរ៉ា

To Top