ព័ត៌មានអន្តរជាតិ

មេដឹកនាំតំបន់ថា តំបន់គ្រីមៀរួចផុតពីភាពក្រីក្រ បន្ទាប់ពីបានចូលរួមជាមួយរុស្ស៊ី នៅឆ្នាំ២០១៤

បរទេស៖ ប្រធានក្រុមប្រឹក្សារដ្ឋនៃសាធារណរដ្ឋ លោក Vladimir Konstantinov បាននិយាយកាលពីថ្ងៃសៅរ៍ថា វឌ្ឍនភាពរបស់តំបន់ គ្រីមៀ កើតមានឡើងចាប់តាំងពីតំបន់នេះបានចូលរួមជាមួយរុស្ស៊ី ឡើងវិញក្នុងឆ្នាំ២០១៤ គឺជាក់ស្តែងណាស់ បើប្រៀបធៀបទៅនឹងសម័យកាល នៃការគ្រប់គ្រងរបស់អ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងដោយ​ផ្អែក តាមការលើកឡើងរបស់លោក Konstantinov ប្រាប់ទូរទស្សន៍រុស្ស៊ីថា “យើងបានរួចផុតពីភាពក្រីក្រ និងវិនាសកម្មផ្នែកហេដ្ឋារចនាសម្ព័ន្ធ ឥឡូវនេះប្រែទៅជាតំបន់រីកចម្រើនជាមួយនឹងប្រព័ន្ធផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន ទឹក និងឧស្ម័ន” ។ លោកបានបន្ថែមថា “យើងសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលមនុស្សជំនាន់មុនរបស់គ្រីមៀ បានសុបិនតាំងពីសម័យសូវៀត” មក។

មន្ត្រីរូបនេះក៏បានសរសេរនៅលើ Telegram នៅថ្ងៃដដែលនេះថា “ជោគជ័យ និងសមិទ្ធិផលនានានឹងមិនអាចទៅរួចទេបើគ្មានជំនួយពីតំបន់រុស្ស៊ី និងការយកចិត្តទុកដាក់របស់ទីក្រុងម៉ូស្គូចំពោះគ្រីមៀ”។

ដូចគ្នានេះដែរ ប្រមុខនៃសាធារណរដ្ឋគ្រីមៀ លោក Sergey Aksyonov បាននិយាយកាលពីថ្ងៃសៅរ៍ថា ការបង្រួបបង្រួមជាមួយរុស្ស៊ី គឺជានិមិត្តរូបនៃ “ការកើតនៃសណ្តាប់ធ្នាប់ពិភពលោកថ្មីមួយ ដែលផ្អែកលើយុត្តិធម៌ និងការគោរពគ្នាទៅវិញទៅមក”៕

ប្រែសម្រួលៈ ណៃ តុលា 

To Top