បរទេស៖ ប្រទេសកូរ៉េខាងជើង បានបាញ់ សាកល្បង មីស៊ីលផ្លោងមួយគ្រាប់ ឆ្ពោះទៅសមុទ្រជប៉ុន, នេះបើយោងតាមសេចក្តីរាយការណ៍ របស់ទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងដោយដកស្រង់សំដីយោធាកូរ៉េខាងត្បូង។ អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) មិនបានផ្តល់ព័ត៌មានលម្អិត បន្ថែមណាមួយភ្លាមៗទេ អំពីការបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ការបាញ់សាកល្បងចុងក្រោយនេះ បានកើតឡើងបីថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប Hwansong-17 ជាការឆ្លើយតបទៅនឹងសមយុទ្ធយោធារួមគ្នាដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងក្នុងរយៈពេល ១១ថ្ងៃ ដែលមានឈ្មោះថា “Freedom Shield 23″។ ក្រុងព្យុងយ៉ាងបានថ្កោលទោសសមយុទ្ធនេះ ដោយហៅពួកគេថាជាការត្រៀមខ្លួនសម្រាប់ «សង្គ្រាមឈ្លានពាន»។
កូរ៉េខាងជើងក៏បានអះអាងកាលពីថ្ងៃសុក្រដែរថា ពលរដ្ឋខ្លួនចំនួន ៨០ ម៉ឺននាក់បានស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងសហរដ្ឋអាមេរិក «ពួកចក្រពត្តិ និងជនក្បត់អាយ៉ងដែលកំពុងព្យាយាមបំផ្លាញឯករាជ្យភាព និងសិទ្ធិរស់នៅ និងអភិវឌ្ឍន៍»។
ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បានបញ្ជាក់ផងដែរថា មីស៊ីលដែលកូរ៉េខាងជើងបាញ់ គឺអាចជាមីស៊ីលផ្លោង ហើយបានចេញការព្រមានបន្ទាប់ពីការបាញ់បង្ហោះ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយជប៉ុន មីស៊ីលបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ ការសាកល្បងមីស៊ីលនេះក៏កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង និងជប៉ុនបានព្រមព្រៀងគ្នាលើកិច្ចសហប្រតិបត្តិការសន្តិសុខកាន់តែខ្លាំង៕
ប្រែសម្រួលៈ ណៃ តុលា