ព័ត៌មានអន្តរជាតិ

ភ្នំភ្លើង Merapi នៅឥណ្ឌូនេស៊ី ភាយផេះ និងបញ្ចេញចំហាយក្តៅ ប៉ើងទៅលើមេឃ

ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ថា ភ្នំភ្លើង Merapi របស់ប្រទេសឥណ្ឌូនេស៊ី ដែលជាភ្នំភ្លើងសកម្មបំផុតមួយ របស់ពិភពលោក បានផ្ទុះឡើងកាលពីយប់ថ្ងៃសុក្រ ហើយបានបន្តបញ្ចេញផេះក្តៅ និងក្អែលផ្កាភ្លើងផ្សេងទៀតកាលពីថ្ងៃសៅរ៍ ។

ខ្សែវីដេអូមួយដែលជាកម្អែភ្នំភ្លើង ដោយហូរចេញពីរណ្ដៅភ្នំភ្លើង និងផេះភាយប៉ើងដ៏ខ្ពស់ដែលមានកម្ពស់រហូតដល់ ១.៣០០ម៉ែត្រ ឡើងលើអាកាសត្រូវបានថតដោយក្រុមឃ្លាំមើលភ្នំភ្លើង Merapi ដែលគ្រប់គ្រងដោយរដ្ឋាភិបាល កាលពីយប់ថ្ងៃសុក្រ។

គេបានដឹងថា ភ្នំភ្លើងបានបន្តបញ្ចេញផេះក្តៅ ហើយកម្អែលក្តៅអាចមើលឃើញកាលពីថ្ងៃសៅរ៍ ។

ទីភ្នាក់ងារតាមដានភ្នំភ្លើងរបស់ប្រទេសនេះបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា “អ្នកស្រុកគួរតែប្រមើលមើលការរំខានដោយសារតែផេះភ្នំភ្លើងពីការផ្ទុះភ្នំភ្លើង Merapi ហើយសូមប្រុងប្រយ័ត្នចំពោះគ្រោះថ្នាក់នៃលំហូរភក់នៃភ្នំភ្លើង ជាពិសេសនៅពេលមានភ្លៀងធ្លាក់ជុំវិញបរិវេណភ្នំភ្លើង Merapi “។

ភ្នំភ្លើង Merapi ក៏បានផ្ទុះឡើងកាលពីសប្តាហ៍មុនផងដែរ ដោយបានភាយកម្ទេចកម្ទីរបស់ភ្នំភ្លើងដែលមានកម្ពស់៣.០០០ម៉ែត្រពីលើកំពូលភ្នំ ។

ក្រុមអ្នកស្រាវជ្រាវភ្នំភ្លើងបានលើកឡើងកាលពីសប្តាហ៍មុនថា ភ្នំភ្លើងកំពុងជួបប្រទះដំណាក់កាលសកម្មបំផុតចាប់តាំងពីឆ្នាំ ២០២១ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top