ព័ត៌មានអន្តរជាតិ

លោក ពូទីន ធ្វើទស្សនកិច្ចនៅតំបន់ កាន់កាប់ Mariupol ប៉ុន្មានថ្ងៃ បន្ទាប់ពីមានដីការ ចាប់ខ្លួន អន្តរជាតិ

ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនាទីក្រុង Mariupol របស់អ៊ុយក្រែន ដែលកាន់កាប់ដោយរុស្ស៊ី ប៉ុន្មានថ្ងៃបន្ទាប់ពីតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនរូបលោក ពីបទឧក្រិដ្ឋកម្មសង្រ្គាម។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានមកដល់តាមឧទ្ធម្ភាគចក្រ ហើយបានបើកឡានជុំវិញស្រុកជាច្រើននៃទីក្រុង ដោយឈប់ និងនិយាយទៅកាន់អ្នកស្រុកថែមទៀតផង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ទីក្រុង​ជាច្រើនក្នុង​តំបន់ Donetsk ត្រូវ​បាន​កាន់កាប់​ដោយ​កងកម្លាំង​រុស្ស៊ី​តាំង​ពី​ខែ​ឧសភា​ឆ្នាំ​មុន។ ដំណើរ​ទស្សនកិច្ច​ដោយ​គ្មាន​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក ពូទីន បាន​ទៅ​ដល់​តំបន់​គ្រីមៀ កាល​ពី​ថ្ងៃ​សៅរ៍​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៩ នៃ​ការ​បញ្ចូល​ឧបទ្វីប​នេះ។

តំបន់ Mariupol ដែលបានធ្លាក់ទៅរុស្ស៊ីក្នុងខែឧសភា បន្ទាប់ពីការប្រយុទ្ធគ្នាដ៏យូរបំផុត និងបង្ហូរឈាមបំផុតនៃសង្រ្គាម គឺជាជ័យជម្នះដ៏សំខាន់លើកដំបូងរបស់រុស្ស៊ី បន្ទាប់ពីបរាជ័យក្នុងការដណ្តើមយកទីក្រុងគៀវ ហើយបានផ្តោតលើភាគអាគ្នេយ៍អ៊ុយក្រែនជំនួសវិញ។

តំបន់ Mariupol នៅលើសមុទ្រ Azov ត្រូវបានខូចខាតយ៉ាងខ្លាំងបន្ទាប់ពីការប្រយុទ្ធជាច្រើនសប្តាហ៍។ អង្គការសម្រាប់សន្តិសុខ និងកិច្ចសហប្រតិបត្តិការ និងអឺរ៉ុប (OSCE) បានឲ្យដឹងថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី ទៅលើមន្ទីរពេទ្យសម្ភពក្នុងទីក្រុង Mariupol គឺជាឧក្រិដ្ឋកម្មសង្គ្រាម៕

ប្រែសម្រួល ឈូក បូរ៉ា

To Top