ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន និងអ៊ីស្រាអែល យល់ព្រមកាត់បន្ថយភាពតានតឹង ជំរុញសន្តិភាព និងស្ថិរភាព

រ៉ាម៉ាឡា៖ អាជ្ញាធរជាតិប៉ាឡេស្ទីន និងអ៊ីស្រាអែលបានអះអាងជាថ្មី នូវការប្តេជ្ញាចិត្តរបស់ពួកគេ កាលពីថ្ងៃអាទិត្យក្នុងការជំរុញសន្តិសុខ ស្ថិរភាព និងសន្តិភាពសម្រាប់ទាំងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយបន្ទាប់ពី កិច្ចប្រជុំរវាងមន្ត្រីនៃភាគីទាំងពីរ អេហ្ស៊ីប ហ្ស៊កដានី និងសហរដ្ឋអាមេរិក នៅទីក្រុងរមណីយដ្ឋានសមុទ្រក្រហមរបស់អេហ្ស៊ីប Sharm El-Sheikh ភាគីបានទទួលស្គាល់ពីភាពចាំបាច់ នៃការកាត់បន្ថយភាពតានតឹង ការទប់ស្កាត់អំពើហឹង្សាបន្ថែមទៀត ក៏ដូចជាការបន្តវិធានការកសាងទំនុកចិត្ត និងការដោះស្រាយបញ្ហាលេចធ្លោ តាមរយៈការសន្ទនាដោយផ្ទាល់។

អ៊ីស្រាអែល និងអាជ្ញាធរជាតិប៉ាឡេស្ទីន ក៏បានបញ្ជាក់សារជាថ្មីអំពីការត្រៀមខ្លួន និងការប្តេជ្ញាចិត្តរួមគ្នា ដើម្បីធ្វើការជាបន្ទាន់ ដើម្បីបញ្ចប់វិធានការឯកតោភាគី ក្នុងរយៈពេលពី ៣-៦ខែ។

នេះរាប់បញ្ចូលទាំងការប្តេជ្ញាចិត្ត របស់អ៊ីស្រាអែលក្នុងការបញ្ឈប់ ការពិភាក្សាអំពីអង្គភាពតាំងទីលំនៅថ្មី ណាមួយសម្រាប់រយៈពេល ៤ ខែ និងបញ្ឈប់ការអនុញ្ញាតឱ្យមាន ទីតាំងខាងក្រៅសម្រាប់រយៈពេលប្រាំមួយខែ នេះបើយោងតាមសេចក្តីថ្លែងការណ៍។

ភាគីទាំងពីរក៏បានបញ្ជាក់ពី ការប្តេជ្ញាចិត្តមិនផ្លាស់ប្តូររបស់ពួកគេ ចំពោះកិច្ចព្រមព្រៀងពីមុនទាំងអស់រវាងពួកគេ ជាពិសេសសិទ្ធិស្របច្បាប់ របស់អាជ្ញាធរជាតិប៉ាឡេស្ទីន ក្នុងការអនុវត្តទំនួលខុសត្រូវសន្តិសុខក្នុងតំបន់ (A) នៃតំបន់ West Bank ស្របតាមកិច្ចព្រមព្រៀង ដែលមានស្រាប់ ហើយនឹងធ្វើការរួមគ្នាឆ្ពោះទៅ សម្រេចគោលដៅនេះ។

ពួកគេក៏បានយល់ព្រមបង្កើតយន្តការមួយ ដើម្បីទប់ស្កាត់ និងប្រឆាំងអំពើហឹង្សា ការញុះញង់ និងសេចក្តីថ្លែងការណ៍ និងសកម្មភាពរលាក។ ភាគីនានាក៏បានរំលឹកឡើងវិញ នូវការប្តេជ្ញាចិត្តក្នុងការរក្សាស្ថានភាព ប្រវត្តិសាស្ត្រនៅទីតាំងបរិសុទ្ធក្នុងក្រុងយេរូសាឡឹម ទាំងក្នុងពាក្យសម្ដី និងក្នុងការអនុវត្ត ហើយបានបញ្ជាក់សារជាថ្មីអំពី សារៈសំខាន់នៃការគ្រប់គ្រងរបស់ Hashemite នៃប្រទេសហ្ស៊កដានី៕

ប្រែសម្រួល ឈូក បូរ៉ា

To Top