ព័ត៌មានអន្តរជាតិ

បទអត្ថាធិប្បាយ ៖ Covid-19 ក្នុងពេល៣ឆ្នាំ បង្ហាញពីប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់បំផុត នៃគោលនយោបាយរបស់ចិន

ក្នុងរយៈពេល៣ឆ្នាំ ដោយគិតចាប់ពីដើម ឆ្នាំ២០២០ ដល់ឆ្នាំ២០២៣នេះ ប្រទេសចិនជាជើងឯក ប្រកបដោយទំនួលខុសត្រូវ ស្របតាមនិយាមវិទ្យាសាស្រ្ត សុខាភិបាលក្នុងការ ប្រយុទ្ធ ប្រឆាំង នឹងជំងឺCovid-19 ដោយដៃម្ខាងតម្កល់អាយុជីវិត របស់ប្រជាជនចិន ជាអាទិភាព ដោយរួមមានទាំងខិតខំពន្លឿន ល្បឿននៃការសិក្សា ស្រាវជ្រាវ និងផលិតវ៉ាក់សាំងប្រឆាំងCovid-19 ហើយដៃម្ខាងចូលរួមជាមួយអង្គការ សុខភាពពិភពលោក និយាយរួម ជាមួយបណ្តាប្រទេស ទាំងអស់ ក្នុងពិភពលោក និយាយដោយឡែកក្នុងការ ទប់ស្កាត់ការរីករាល នៃជំងឺដ៏កាចសាហាវនេះ ក្នុងការចែករំលែកបទពិសោធន៍ ទាំងបច្ចេកទេសនិងបច្ចេកវិទ្យា រួមជាមួយការផ្តល់ជាសាធារណៈប្រកប ដោយសមធម៌ នូវវ៉ាក់សាំងប្រឆាំងជំងឺCovid-19 ដល់បណ្តាប្រទេសនានា ទាំងក្នុងកម្រិតទ្វេភាគី និងក្រោមឆ័ត្ររបស់អង្គការ សុខភាពពិភពលោក ។
នេះជាគោលនយោបាយ ប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលខ្ពស់ ក្នុងការការពារបាននូវអាយុជីវិត របស់មនុស្ស ហើយព្យាយាមលុបបំបាត់ ឱ្យបានឆាប់អ័ព្ទនៃជំងឺCovid-19 ពីពិភពលោក ហើយជំនួសមកវិញនូវស្នាមញញឹមនិងក្តីសង្ឃឹមថ្មីនៃកំណើន សេដ្ឋកិច្ចសកល ។ ច្បាស់ណាស់ដែលថា ប្រសិនបើប្រទេសចិន មិនបានអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយគ្រប់គ្រងCovid-19ទេ នោះពិភពលោកពិតជាមិន អាចកំណត់បានថាឆ្នាំ២០២៣ ជាពេលវេលាសមស្របនៃការចាកចេញពីCovid-19នោះឡើយ ។ ប្រសិនជាផ្តល់ ជូនមេដាយ សម្រាប់ជើងឯក នៃការគ្រប់គ្រងជំងឺCovid-19 នោះប្រទេសចិននឹងឈរ នៅលើតារាងទី១និងខ្ពស់បំផុត ក្នុងការទទួល បានមេដាយ ដែលបានជួយសង្គ្រោះជីវិត មនុស្សគេចចេញពីផ្លូវមរណៈដែលបង្ក ដោយជំងឺCovid-19។ ប្រសិនជាយើងពិនិត្យ ដោយម៉ត់ចត់ លើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃជំងឺCovid-19 ហើយឆ្លុះបញ្ចាំងតាមរយៈសុភាសិត ទាំង៤ខាងក្រោមនេះ នោះយើងនឹងយល់កាន់តែច្បាស់ ថារយៈពេលបីឆ្នាំមកនេះ សមិទ្ធផលរបស់ប្រទេសចិន បានលាតត្រដាងពីភាពគ្មានប្រសិទ្ធភាព របស់សហរដ្ឋអាមេរិក ដែលតែងបានចោទប្រកាន់ដោយ គ្មានទឡ្ហីករណ៍វិទ្យាសាស្រ្ត និងដោយឥតអៀនខ្មាស់ ៖
«ស្វាស៊ីបាយ លាបមាត់ពពែ» បានឆ្លុះបញ្ចាំងឱ្យឃើញយ៉ាង ច្បាស់ពីកលល្បិច របស់ថ្នាក់ដឹកនាំអាមេរិក ដែលបានចោទប្រកាន់ ដោយឥតអៀនខ្មាស លើភាពបរិសុទ្ធរបស់ចិនទាក់ទងនឹង ប្រភពនៃជំងឺCovid-19 បើទោះបីជា៖ ១-ចិនដែលជាប្រទេសរងគ្រោះមុនគេ ដោយសារជំងឺដ៏កាចសហាវនេះ ហើយស្របពេលដែលចិន បានខិតខំក្នុងការទប់ស្កាត់ការ រីករាលដាលនៃជំងឺនេះ ២-ប្រទេសចិនបានសហការ ប្រកបដោយទំនួលខុសត្រូវ ប្រកបដោយតម្លាភាព តាមក្រមនិងនិយាមវិទ្យាសាស្រ្តវេជ្ជ សាស្ត្រយ៉ាងជិតស្និទ្ធជាមួយអង្គការ សុខភាពពិភពលោកបែបណាក៏ដោយ ៣-អនុសាសន៍របស់របាយការណ៍ ស្រាវជ្រាវរួមគ្នារវាងចិននិងអង្គការ សុខភាពពិភពលោក ស្តីពីប្រភពនៃមេរោគCovid-19 ក៏សហរដ្ឋអាមេរិកបានបដិសេធ នូវលទ្ធផលនៃកិច្ចសហប្រតិបត្តិការ យ៉ាងល្អនេះ ។

«គោដំបៅខ្នង ក្អែកហើររំលង រសាយកន្ទុយ» បាននិងកំពុងអត្ថិភាពក្នុងទង្វើដោយ ផ្ទាល់របស់សហរដ្ឋអាមេរិកទាក់ទងនឹងការគ្រប់គ្រងCovid-19 ជាក់ស្តែងកាលពីឆ្នាំ២០២១ ជាសក្ខីភាពបញ្ជាក់ថា ដោយសារតែអាមេរិកខ្លួនឯងទប់ Covid-19មិនជាប់ ទាំងនេះដោយសារកង្វះវិន័យ កង្វះជំនឿចិត្តរបស់ប្រជាជនលើការគ្រប់គ្រងរដ្ឋាភិបាល ទើបកំណើនអ្នកស្លាប់ដោយជំងឺCovid-19នៅសហរដ្ឋអាមេរិកកើនជាលំដាប់ពីមួយថ្ងៃទៅមួយថ្ងៃ។ លើសពីដើម្បីការពារនយោបាយ ប្រជាភិថុតរបស់ខ្លួន សហរដ្ឋអាមេរិកបែរ ជាទម្លាក់ទំនួលខុសត្រូវ ទាំងនេះមកលើប្រទេសចិន ។ នៅពេលដែលនិយាយ ដល់ការគ្រប់គ្រងជំងឺដ៏កាចសាហាវនេះ ថ្នាក់ដឹកនាំអាមេរិកបែរជាចោទ ដោយបំពានលើវិធានការគ្រប់គ្រងCovid-19របស់ប្រទេសចិន ហើយបណ្តាញព័ត៌មាន បស្ចិមប្រទេស បែរជាបានរំលេចពីការសង្ស័យ ដោយគ្មានមូលដ្ឋានវិទ្យាសាស្រ្ត លើប្រសិទ្ធភាពរបស់វ៉ាក់សាំងចិន ក្នុងការការពារអាយុជីវិត របស់មនុស្សជាតិ។

«ចិត្តជាទេវទត្ត មាត់ជាទេវតា» ក៏បានរំលេចផងដែរពីឆន្ទៈរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកដែលបានស្តុកទុកវ៉ាក់សាំងសម្រាប់តែប្រទេសខ្លួនឯង ហើយបានផ្តល់វ៉ាក់សាំង ដែលជិតផុតកំណត់ទៅឱ្យប្រទេសក្រីក្រដទៃទៀត ហើយបែរជាស្រែកក្តែងៗពីការគោរពសិទ្ធិមនុស្ស ការពារអាយុជីវិត មនុស្សជាតិស្របតាមធម្មនុញ្ញ របស់អង្គការសហប្រជាជាតិ ។ ផ្ទុយពីទង្វើរបស់បស្ចិមប្រទេស ប្រទេសចិនបានចែករំលែកវ៉ាក់សាំងប្រឆាំងCovid-19 បើទោះបីជាបរិមាណ វ៉ាក់សាំងមាន តិចតួចក្នុងប្រទេសរបស់ខ្លួន យ៉ាងណា ក៏ដោយ ក្នុងស្មារតីប្រកបដោយទំនួល ខុសត្រូវនៅលើមាគ៌ា នៃការកសាង សហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ វ៉ាក់សាំងចិនបានចែក ជូនដល់ប្រទេសភាគច្រើនលើស លុបនៅក្នុងពិភពលោក ឬអាចនិយាយម្យ៉ាងទៀតថា ក្នុងចំណោមវ៉ាក់សាំង២ដូស ដែលបានចាក់ជូនដល់ប្រជាជននៅក្នុងពិភពលោក មាន១ដូសជាវ៉ាក់សាំងរបស់ប្រទេសចិន។
«គីង្គក់លក់ថ្នាំស្រែង» ពិតជាស័ក្តិសមក្នុងការផ្តល់ ជូនដល់សហរដ្ឋអាមេរិក ដែលតែងអួតក្តែងៗ លើការថែ រក្សាអាយុជីវិត របស់មនុស្សជាតិ នៅលើពិភពលោក ដោយសមភាព ក្នុងពេលដែលខ្លួន មិនអាចគ្រប់គ្រងCovid-19បាន ហើយមិនមានលទ្ធភាព ក្នុងការរួមសុខរួមទុក្ខជា មួយបណ្តាប្រទេសដទៃ ក្នុងការទប់ស្កាត់ការ រីករាលដាល នៃជំងឺCovid-19។ គិតមកដល់ពេលនេះ ប្រសិនបើយើងយកបញ្ជី ដែលបានចេញផ្សាយ ដោយអង្គការ សុខភាព ពិភពលោក ពីចំនួនអ្នកស្លាប់ដោយCovid-19 នោះសហរដ្ឋអាមេរិក នៅតែឈរលើតារាងលំដាប់ទី១ ដែលមានប្រជាជន បានស្លាប់ច្រើនជាងគេ ។ ផ្ទុយពីទង្វើរបស់អាមេរិក ចិនបានគ្រប់គ្រងយ៉ាងច្បាស់លាស់ស្របតាមនិយាមវេជ្ជសាស្ត្រ ហើយជាពិសេសគោលនយោបាយ «សូន្យកូវីដ» បានបញ្ជាក់យ៉ាងច្បាស់ពីទំនួលខុស ត្រូវរបស់ប្រទេសចិន ក្នុងការតម្កល់អាយុជីវិត របស់មនុស្សជាតិជាអាទិភាព ដោយចូលរួមយ៉ាងសកម្មនិងសំខាន់ នៅក្នុងការទប់ស្កាត់ប្រកបដោយប្រសិទ្ធភាព នៃការរីករាលដាលនៃជំងឺCovid-19។

ជារួម ក្នុងនាមជាប្រទេសដែលផ្តល់តម្លៃនិងគាំទ្រយ៉ាងពេញ លេញដល់អង្គការសុខភាពពិភពលោកដែលមានសិទ្ធិអំណាចលើវិស័យវិទ្យាសាស្រ្តវេជ្ជសាស្រ្ត ប្រទេសចិនតែងប្រកាន់ ខ្ជាប់ជានិច្ចនូវស្មារតីវិទ្យាសាស្ត្រ ប្រកបដោយវិជ្ជាជីវៈនិងវត្ថុបំណងផ្នែកវិទ្យាសាស្ត្រ ដោយបដិសេធដាច់ខាត ចំពោះការប្រើប្រាស់លេស នៃបញ្ហាវិទ្យាសាស្រ្តជា ឧបករណ៍របស់អ្នកនយោបាយ។ ប្រទេសចិនតែង ខិតខំប្រកៀកស្មា ជាប់ជានិច្ចជាមួយបណ្តា ប្រទេសនានា ក្នុងពិភពលោកក្នុងកិច្ច កសាងសហគមន៍រួម វាសនានៃមនុស្សជាតិ ដោយ ផ្តល់កត្តាលីករ ដល់ការថែរក្សាសន្តិភាព និងបង្កើនការអភិវឌ្ឍស្របតាមមាគ៌ា របស់ប្រទេសនីមួយៗ ដោយបន្ស៊ីគោលនយោបាយ របស់ប្រទេសរៀងៗខ្លួនជាមួយនឹងគំនិតផ្តួចផ្តើមជាច្រើនរបស់ចិនដែលរួមមាន៖«ខ្សែក្រវាត់និងផ្លូវ» «អភិវឌ្ឍសកល» «សន្តិសុខសកល» និង «អរិយធម៌សកល»។

ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

To Top