ញូវដេលី៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងសមភាគីឥណ្ឌារបស់លោក ណារិនដ្រា ម៉ូឌី បានព្រមព្រៀងគ្នានៅថ្ងៃច័ន្ទនេះ ដើម្បីរក្សានូវសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ក្នុងការប្រឈមមុខនឹងការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
នៅថ្ងៃនេះដែរលោក គីស៊ីដា ក៏បានឲ្យដឹហនៅក្នុងសុន្ទរកថាមួយថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់ជាង ៧៥ពាន់លានដុល្លារដល់ប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់នៅឆ្នាំ២០៣០ តាមរយៈវិស័យសាធារណៈ និងឯកជនដើម្បីឱ្យពួកគេអាចកែលម្អហេដ្ឋារចនាសម្ព័ន្ធរបស់ពួកគេ។
បន្ទាប់ពីកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងញូវដេលី លោក គីស៊ីដា បានលើកឡើងថា លោក និងលោក ម៉ូឌី បានសន្យាថានឹងធ្វើការរួមគ្នាឆ្ពោះទៅរកភាពជោគជ័យនៃកិច្ចប្រជុំកំពូលក្រុមបហរទេសទាំង៧ និងក្រុមទាំង២០ ដែលប្រទេសជប៉ុន និងឥណ្ឌា គ្រោងធ្វើជាម្ចាស់ផ្ទះរៀងគ្នានៅចុងឆ្នាំនេះ។
ប្រទេសជប៉ុន កាន់តំណែងជាប្រធាន G-7 ក្នុងឆ្នាំ២០២៣ លោក គីស៊ីដា បានលើកឡើងថា លោកបានអញ្ជើញលោក ម៉ូឌី ទៅកាន់កិច្ចប្រជុំកំពូល G-7 នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា ក្នុងខែឧសភា ហើយការផ្តល់ជូននេះត្រូវបានទទួលយកភ្លាមៗ ខណៈ ប្រទេសឥណ្ឌា គឺជាប្រធាន G-20 នៅឆ្នាំនេះ។
មេដឹកនាំទាំងពីរបានបញ្ជាក់ថា G-7 និង G-20 នឹងសហការយ៉ាងជិតស្និទ្ធក្នុងការដោះស្រាយបញ្ហាប្រឈមសកលជាច្រើន រួមទាំងការផ្គត់ផ្គង់ថាមពល និងអាហារ ដោយលោក គីស៊ីដា បានឲ្យដឹងនៅក្នុងសេចក្តីប្រកាសព័ត៌មានរួមថា ពិភពលោកកំពុងប្រឈមមុខនឹងចំណុចរបត់ជាប្រវត្តិសាស្ត្រ និងការលំបាកជាច្រើន”។
ប្រទេសឥណ្ឌាដែលជាសមាជិកនៃ Quad ដែលជាក្របខ័ណ្ឌសន្តិសុខផ្លូវបួនផងដែរ ដែលពាក់ព័ន្ធនឹងប្រទេសជប៉ុន សហរដ្ឋអាមេរិក និងអូស្ត្រាលី បានលេចចេញជាសមាជិកដ៏សំខាន់នៃ “Global South” ដែលជាពាក្យដែលសំដៅរួមសំដៅទៅលើប្រទេសកំពុងអភិវឌ្ឍន៍នៅក្នុងតំបន់ដូចជា អាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន៕ប្រែសម្រួល ឈូក បូរ៉ា