ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលចិន -រុស្ស៊ី ប្តេជ្ញាពង្រឹងភាព ជាដៃគូយុទ្ធសាស្ត្រ ឲ្យកាន់តែស៊ីជម្រៅ នៅក្នុងកិច្ចពិភាក្សា ប្រកបដោយផ្លែផ្កា

ម៉ូស្គូ ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងសមភាគីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នា ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដោយឈរលើគោលការណ៍ នៃភាពជាអ្នកជិតខាងល្អ មិត្តភាព និងកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ក៏ដូចជាធ្វើឱ្យស៊ីជម្រៅ នូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ នៃការសម្របសម្រួលរវាងចិន និងរុស្ស៊ី ក្នុងយុគសម័យថ្មី។

ដោយពណ៌នាដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ីថាជា “ដំណើរនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងសន្តិភាព” អ្នកជំនាញបាននិយាយថា ការពង្រឹង ទំនាក់ទំនងចិន-រុស្ស៊ីនឹងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ខណៈដែលរួមចំណែក ដល់តុល្យភាព នៃទិដ្ឋភាពយុទ្ធសាស្ត្រពិភពលោក។

នៅរសៀលថ្ងៃអង្គារម្សិលមិញនេះលោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយ លោក ពូទីន នៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ។ មេដឹកនាំទាំងពីរបានជួប ពិភាក្សាគ្នាដោយស្មោះស្ម័គ្រ មិត្តភាព និងប្រកបដោយផ្លែផ្កា លើទំនាក់ទំនងទ្វេភាគី និងបញ្ហាតំបន់ និងអន្តរជាតិសំខាន់ៗ ដែលមានផលប្រយោជន៍ ទៅវិញទៅមក ហើយឈានដល់ការយោគយល់រួមថ្មីៗសំខាន់ៗក្នុងវិស័យជាច្រើន។

ដោយកត់សម្គាល់ថា ចិន និងរុស្ស៊ី គឺជាអ្នកជិតខាងដ៏ធំបំផុតរបស់គ្នាទៅវិញទៅមក លោក ស៊ី បានលើកឡើងថា ការបង្រួបបង្រួម និងអភិវឌ្ឍទំនាក់ទំនង ជាអ្នកជិតខាងល្អរយៈពេលវែងជាមួយរុស្ស៊ី គឺស្របតាមតក្កវិជ្ជា ប្រវត្តិសាស្ត្រ និងជាជម្រើសយុទ្ធសាស្ត្ររបស់ប្រទេសចិន ដែលនឹងមិនត្រូវបានផ្លាស់ប្តូរ ដោយព្រឹត្តិការណ៍ណាមួយឡើយ។

លោក បានបន្ដថា ចាប់តាំងពីដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកដំបូងរបស់លោកទៅកាន់ប្រទេសរុស្ស៊ីកាលពី ១០ឆ្នាំមុន លោក លើកឡើងថា ប្រទេសចិន និងរុស្ស៊ីមានការគោរពគ្នា ទៅវិញទៅមក ការជឿទុកចិត្តគ្នា និងផលប្រយោជន៍ទៅវិញទៅមក។ លោកបានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ បានរីកចម្រើនពីភាពខ្លាំងមួយទៅភាពរឹងមាំ ដែលបង្ហាញពីលក្ខណៈនៃភាពទូលំទូលាយ ការអនុវត្តជាក់ស្តែង និងយុទ្ធសាស្ត្រកាន់តែច្រើន៕

ប្រែសម្រួល ឈូក បូរ៉ា

To Top