បរទេស៖ យោធាអាមេរិកនឹងពន្លឿន ការបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams របស់ខ្លួនទៅកាន់កងកម្លាំងអ៊ុយក្រែន ដោយជ្រើសរើសបញ្ជូនគំរូចាស់មួយ បន្ទាប់ពីការបង្កើតវាអាចចំណាយ ពេលជាងមួយឆ្នាំដើម្បីបញ្ជូនអាវុធ ជំនាន់ចុងក្រោយបំផុតទៅកាន់សមរភូមិ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មាន ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក Pat Ryder បាននិយាយថា ខណៈពេលដែលយោធាដំបូង មានគម្រោងបញ្ជូនរថក្រោះថ្មី M1A2 ឥឡូវនេះវានឹងផ្គត់ផ្គង់ម៉ូដែល M1A1 ជាមុន ដើម្បី “ពន្លឿនពេលវេលាដឹកជញ្ជូនយ៉ាងសំខាន់” ។
លោក Ryder បាននិយាយថា “វានឹងផ្តល់ឱ្យអ៊ុយក្រែននូវ សមត្ថភាពស្រដៀងគ្នាទៅនឹង M1A2 ដែលរួមមានប្រព័ន្ធពាសដែក និងអាវុធទំនើបៗ”។ លោក Ryder បាននិយាយដោយសង្កត់ធ្ងន់ថាការសម្រេចចិត្ត “គឺអំពីការទទួលបានសមត្ថភាពប្រយុទ្ធ ដ៏សំខាន់នេះទៅក្នុងដៃរបស់អ៊ុយក្រែនឆាប់ៗ ជាជាងពេលក្រោយ” ។
នៅពេលសួរអំពីកាលវិភាគដើម របស់មន្ទីរបញ្ចកោណសម្រាប់រថក្រោះ Abrams អ្នកនាំពាក្យរូបនេះបាននិយាយថា ការចែកចាយត្រូវបានគ្រោងទុក ជាលើកដំបូងដើម្បីចំណាយពេល “ជាងមួយឆ្នាំ” ប៉ុន្តែឥឡូវនេះយោធាសង្ឃឹមថា នឹងចាប់ផ្តើមការដឹកជញ្ជូនមុនដំណាច់ឆ្នាំ ២០២៣ ៕
ប្រែសម្រួលៈ ណៃ តុលា