តួក្យូ ៖ យុទ្ធនាការផ្លូវការ សម្រាប់ការបោះឆ្នោតមូលដ្ឋាន បង្រួបបង្រួមរយៈពេល ៤ឆ្នាំបានចាប់ផ្តើមនៅទូទាំងប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍នេះ ដោយលទ្ធផលទំនង ជាកំណត់ថា តើនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា នឹងសម្រេចចិត្តរំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោត ទូទៅមួយចំពេលមានចំណាត់ ថ្នាក់គាំទ្រធ្លាក់ចុះឬយ៉ាងណា។
អ្នកកាន់តំណែង និងអ្នកចំណូលថ្មីបានដាក់បេក្ខភាពរបស់ពួកគេ សម្រាប់ការបោះឆ្នោតអភិបាលខេត្តចំនួន៩ ដែលគ្រោងធ្វើនៅថ្ងៃទី០៩ ខែមេសា ជាផ្នែកនៃជុំដំបូងនៃការបោះឆ្នោតក្នុងស្រុកជាបន្តបន្ទាប់។
ការប្រណាំងប្រជែងអភិបាល ក្រុងនៅក្នុងទីក្រុងធំៗចំនួន៦ រួមជាមួយនឹងការបោះឆ្នោតសភាក្នុងតំបន់ក្នុងខេត្តចំនួន ៤១ និងទីក្រុងធំៗចំនួន ១៧ ត្រូវបានគេគ្រោងនឹងធ្វើឡើង នៅថ្ងៃតែមួយ ដោយយុទ្ធនាការនឹងចាប់ផ្តើមនៅចុងខែនេះ។
បញ្ហាសំខាន់ៗ ដែលរំពឹងថា នឹងត្រូវបានលើកឡើងក្នុងអំឡុងពេលការបោះឆ្នោតថ្នាក់តំបន់ ៩៨៥ នៅខែក្រោយគឺជាការដំឡើងពន្ធ ដែលបានគ្រោងទុក ដោយរដ្ឋបាលលោក គីស៊ីដា ដើម្បីបង្កើតមូលនិធិ សម្រាប់ការកើនឡើង នៃការចំណាយលើវិស័យការពារជាតិ ជំហានដែលបានស្នើឡើង ដើម្បីដោះស្រាយការធ្លាក់ចុះអត្រាកំណើត ការចំណាយកើនឡើង និងកង្វល់ក្នុងតំបន់ផ្សេងទៀត។
ការបោះឆ្នោតថ្នាក់មូលដ្ឋានបង្រួបបង្រួមត្រូវ បានប្រារព្ធឡើងក្នុងពេលដំណាលគ្នារៀងរាល់បួនឆ្នាំម្តង ដើម្បីកាត់បន្ថយការចំណាយរដ្ឋបាល និងបង្កើនចំនួនអ្នកបោះឆ្នោត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូ។
លុះត្រាណាតែ លោក គីស៊ីដា សម្រេចចិត្ត រំលាយសភា តំណាងរាស្រ្ដ ការស្ទង់មតិថ្នាក់តំបន់នៅឆ្នាំនេះ នឹងមានសារៈសំខាន់បំផុត រហូតដល់ការបោះឆ្នោត ជ្រើសរើស សមាជិកក្រុមប្រឹក្សា ដែលគ្រោងធ្វើនៅរដូវក្តៅឆ្នាំ២០២៥។ អាណត្តិ ៤ឆ្នាំបច្ចុប្បន្ន សម្រាប់សមាជិកសភា ជាន់ទាបនឹងផុតកំណត់នៅខែតុលា ឆ្នាំ២០២៥៕
ប្តែសម្រួល ឈូក បូរ៉ា