ម៉ូស្គូ៖ រុស្ស៊ីបានឲ្យដឹងថា ការបែងចែកប្រព័ន្ធមីស៊ីលការពារឆ្នេរសមុទ្រ Bastion របស់ខ្លួនត្រូវបានដាក់ពង្រាយទៅកាន់ Paramushir ដែលជាប្រជុំកោះ Kuril ភាគខាងជើងប៉ាស៊ីហ្វិក ដែលប្រទេសជប៉ុនអះអាងថា ជាទឹកដីរបស់ខ្លួន។
រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បានឲ្យដឹងថា វិធានការនេះ គឺជាផ្នែកមួយនៃការពង្រឹង ការការពាររបស់រុស្ស៊ី ឱ្យកាន់តែទូលំទូលាយ នៅក្នុងតំបន់ ភាគខាងកើតឆ្ងាយៗរបស់ខ្លួន ដែលជាផ្នែកមួយដើម្បីឆ្លើយតបទៅនឹងអ្វី ដែលលោកបានហៅថា កិច្ចខិតខំប្រឹងប្រែង របស់សហរដ្ឋអាមេរិក ក្នុងការកាន់កាប់ រុស្ស៊ី និងចិន។
ចំណាត់ការរបស់ក្រុងម៉ូស្គូ ក៏កើតឡើងបន្ទាប់ពីដំណើរទស្សនកិច្ចថ្នាក់ខ្ពស់ របស់មេដឹកនាំអាស៊ីទៅភាគី ទាំងសងខាងនៃសង្រ្គាមអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazera ។
នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធ របស់សហរដ្ឋអាមេរិក និងជាគូប្រជែងដ៏សំខាន់របស់ចិន នៅអាស៊ីបូព៌ា បានធ្វើដំណើរដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅកាន់ប្រទេសអ៊ុយក្រែន ក្នុងសប្តាហ៍នេះ ដែលអ្នកសង្កេតការណ៍មួយចំនួន បានឲ្យដឹងថា ជាការប៉ុនប៉ង ដើម្បីលើកកំពស់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ទៅកាន់ប្រទេសរុស្ស៊ី ។
លោក Shoigu បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីទប់ស្កាត់រុស្ស៊ី និងចិន សហរដ្ឋអាមេរិក កំពុងបង្កើនវត្តមានយោធា របស់ខ្លួនយ៉ាងខ្លាំងនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយពង្រឹងទំនាក់ទំនងនយោបាយ និងយោធាជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដោយបន្តបង្កើតស្ថាបត្យកម្មសន្តិសុខ អាមេរិកថ្មីនៅក្នុងតំបន់នេះ”៕
ប្រែសម្រួល ឈូក បូរ៉ា