បរទេស៖ អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយថា ប្រសិនបើប្រទេសអាល្លឺម៉ង់ សម្រេចចិត្តអនុវត្តសេចក្តីសម្រេច របស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ស្តីពី “ការចាប់ខ្លួន” ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នោះ វានឹងស្មើនឹងការប្រកាស សង្គ្រាមលើប្រទេសរុស្ស៊ី។
យោងតាមសារព័ត៌មាន Sputnit ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា មុននេះ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌អាល្លឺម៉ង់ លោក Marco Buschmann បាននិយាយថា ដីកា “ចាប់ខ្លួន” លោកពូទីន នឹងមានសុពលភាពនៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីមានការស្នើសុំពី ICC ។ បទបញ្ជានេះក៏ត្រូវបានគាំទ្រដោយអធិការបតី លោក Olaf Scholz ដែលក្នុងអំឡុងពេលទស្សនកិច្ច នៅប្រទេសជប៉ុនបាននិយាយថា “គ្មាននរណាម្នាក់នៅពីលើច្បាប់នោះទេ” ។
លោក Medvedev បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយប្រព័ន្ធផ្សព្វផ្សាយធំៗរបស់រុស្ស៊ី រួមទាំង Sputnik ផងដែរថា ប្រទេសរុស្ស៊ីក្នុងស្ថានភាពបែបនេះ នឹងប្រើប្រាស់គ្រប់មធ្យោបាយដែលមាន ដើម្បីកំណត់គោលដៅលើកងទ័ព “Bundestag ការិយាល័យអធិការបតី និងអ្វីៗផ្សេងទៀត”។
លោក Medvedev បាននិយាយថាការសម្រេចចិត្តបែបនេះ ដូចជាការសម្រេចចិត្តដែល ICC បានបង្កើតបង្កើតសក្តានុពលអវិជ្ជមានដ៏ធំមួយ។
សូមជម្រាបថា នៅថ្ងៃទី ១៧ ខែមីនា ICC បានចេញដីកាចាប់ខ្លួនលោក Putin និងស្នងការសិទ្ធិកុមារលោកស្រី Maria Lvova-Belova ដោយលើកឡើងពី “ការផ្ទេរប្រជាជនដោយខុសច្បាប់ (កុមារ) ពីតំបន់កាន់កាប់នៃអ៊ុយក្រែនទៅសហព័ន្ធរុស្ស៊ី” ៕
ប្រែសម្រួលៈ ណៃ តុលា