កាលពីថ្ងៃទី ២២ ខែមីនា តាមម៉ោងក្នុងតំបន់ លោក Seymour Hersh អ្នកសារព័ត៌មានស៊ើបអង្កេតជើងចាស់ របស់អាមេរិកបានបង្ហោះសារម្តងទៀត នៅលើវេទិកាបណ្តាញទំនាក់ទំនងសង្គម ដោយអះអាងថា ការផ្សាយដំណឹងដែលថា “ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន” បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺជាព័ត៌មានក្លែងក្លាយ ។
ព័ត៌មានក្លែងក្លាយនេះគឺ ស្ថាប័នស៊ើបការណ៍អាមេរិក ទទួលបទបញ្ជាប្រឌិតនិងផ្សព្វផ្សាយ ដើម្បីលាក់បាំងការពិតជាក់ស្តែង ។
ការបែកធ្លាយអំពីរឿងនេះ បានដកស្រង់ពាក្យសម្តី របស់ប្រភពព័ត៌មានការទូតឱ្យដឹងថា ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Olaf Scholz នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ នៅសហរដ្ឋអាមេរិកកាលពីដើមខែនេះ លោកបានធ្វើការពិគ្រោះពិភាក្សា ជាមួយលោក ចូ បៃដិន ប្រធានាធិបតីអាមេរិក អំពីហេតុការណ៍បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ។ បន្ទាប់មក ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ CIA អាមេរិកបានសហការ ជាមួយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ សហព័ន្ធអាល្លឺម៉ង់ ក្នុងការប្រឌិត “រឿងរ៉ាវលើទំព័រមុខ”មួយ ដើម្បីលាក់បាំងការពិតជាក់ស្តែង នៃការបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ។
បើសិនជាការទម្លាយព័ត៌មានថ្មីបំផុត របស់លោក Seymour Hersh ពិតជាបែបហ្នឹង នោះ អង្គការសហប្រជាជាតិកាន់តែចាំបាច់ ត្រូវដឹកនាំការស៊ើបអង្កេតអន្តរជាតិ ចំពោះហេតុការណ៍ បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream ដើម្បីធ្វើការស៊ើបអង្កេត រកការពិតយ៉ាងឆាប់រហ័ស ។ អ្នកផងទាំងពួងបានកត់សម្គាល់ឃើញថា ក្នុងរយៈពេលពីរបីថ្ងៃបន្ទាប់ពី នាយករដ្ឋមន្រ្តីអាល្លឺម៉ង់ បានបញ្ចប់ដំណើរទស្សនកិច្ច នៅសហរដ្ឋអាមេរិក ស្ទើរតែក្នុងពេលជាមួយគ្នានេះ កាសែត«ញូវយ៉កថាមស៍» របស់អាមេរិក និងទស្សនាវដ្ដី«Die Zeit » របស់អាល្លឺម៉ង់ បានផ្សាយដំណឹងអំពីបាតដៃខ្មៅ នៅពីក្រោយហេតុការណ៍ បំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ Nord Stream គឺ “ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន” ។
ទាក់ទិននឹងការទម្លាយព័ត៌មានថ្មីបំផុត របស់លោក Seymour Hersh គឺគួឱ្យអ្នកផងទាំងពួងចោទជាមន្ទិលសង្ស័យ ដោយខានពុំបានថា តើនេះជារឿងចៃដន្យមែនទេ ?
ចំពោះបទរាយការណ៍ដែលជាអ្វីហៅថា “ក្រុមគាំទ្ររដ្ឋាភិបាលអ៊ុយក្រែន” បានបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ NordStream សហគមន៍អន្តរជាតិ បានលើកចម្ងល់ជាច្រើន។ លោកJeffrey Sachsសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Columbia អាមេរិក យល់ឃើញថា ការងារដែលបំផ្ទុះបំពង់បង្ហូរឧស្ម័នធម្មជាតិ “NorthStream” មានច្រើន ហើយមានតែអាមេរិកទេ ដែលមានទាំងបំណងនិងសមត្ថភាព ក្នុងការអនុវត្តការបំផ្លិចបំផ្លាញលើកនេះ។ វាអាចមើលឃើញថា បទរបាយការណ៍ពាក់ព័ន្ធ នៃប្រព័ន្ធផ្សព្វផ្សាយអាមេរិក និងអាល្លឺម៉ង់ មិនអាចជឿទុកចិត្តទេ ប៉ុន្តែពួកគេត្រូវបានសង្ស័យថា បានបិទបាំងការពិតដែលបង្កើនភាពជឿជាក់ នៃការទម្លាយរបស់Hersh។
បើមកមើលប្រតិកម្មរបស់រដ្ឋាភិបាលអាមេរិកវិញ គួរឱ្យសង្ស័យណាស់ ។ឥឡូវនេះ វាមានរយៈពេលមួយខែកន្លះហើយ ចាប់តាំងពីការទម្លាយជាលើកដំបូង របស់លោកHersh ហើយក្រៅពីការបដិសេធសាមញ្ញ វ៉ាស៊ីនតោនបានរក្សាភាពស្ងៀមស្ងាត់រហូត។ ក្រៅពីភាពស្ងៀមស្ងាត់ អាមេរិក នៅតែព្យាយាមរារាំងការស៊ើបអង្កេតពាក់ព័ន្ធ។ មុនពេលនេះ រុស្ស៊ីបានដាក់ជូនសេចក្តីព្រាង នៃសេចក្តីសម្រេចចិត្តមួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិដែលមានខ្លឹមសារថា ជំរុញឱ្យអង្គការសហប្រជាជាតិ ធ្វើការស៊ើបអង្កេតអន្តរជាតិ។ ប៉ុន្តែសមាជិកក្រុមប្រឹក្សាសន្តិសុខ លោកខាងលិច ក្នុងនោះបូករួមទាំងអាមេរិកផង បានលើកឡើងនូវមតិប្រឆាំង។ ហេតុអ្វីបានជាអាមេរិក ព្យាយាមរារាំងម្ល៉េះ? ឬក៏កំពុងតែស៊ីលៀសរអៀសខ្លួន?
ក្រដាសមិនអាចខ្ចប់ភ្លើងបានទេ។ ប្រឈមមុខនឹងភស្តុតាងកាន់តែច្រើនឡើងៗ ការបដិសេធដ៏ងាយៗមួយម៉ាត់ របស់រដ្ឋាភិបាលអាមេរិក គឺមិនអាចយកជាការបានទេ។ ប្រសិនបើអាមេរិក ពិតជាមានមនសិការច្បាស់លាស់ វាត្រូវឆ្លើយតបទៅនឹងចង្ងល់ និងការព្រួយបារម្ភជាច្រើន របស់សហគមន៍អន្តរជាតិមួយៗ ហើយនិងគាំទ្រអង្គការសហប្រជាជាតិ ក្នុងការដឹកនាំការស៊ើបអង្កេតអន្តរជាតិ ចំពោះហេតុការណ៍បំផ្ទុះបំពង់ឧស្ម័ន NordStream ។ បើមិនដូច្នេះទេ ភាពស្ងៀមស្ងាត់បែបនេះ វាមិនខុសពីការទទួលស្គាល់ការពិតឡើយ៕