ព័ត៌មានអន្តរជាតិ

បារាំង៖ យ៉ាងហោចណាស់មនុស្ស ៤៥៧នាក់ត្រូវបានចាប់ខ្លួន, កងកម្លាំងសន្តិសុខ ៤៤១នាក់រងរបួស នៅក្នុងការតវ៉ាហិង្សារឿង សោធននិវត្តន៍ របស់បារាំង

បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា មនុស្សសរុបចំនួន ៤៥៧ នាក់ត្រូវបានចាប់ខ្លួន និងកងកម្លាំងសន្តិសុខចំនួន ៤៤១ នាក់បានរងរបួសកាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលនៃការតវ៉ាទូទាំងប្រទេសបារាំង ប្រឆាំងនឹងកំណែទម្រង់ប្រាក់ សោធននិវត្តន៍ របស់ប្រធានាធិបតីបារាំង Emmanuel Macron ។

យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងទៅកាន់ប៉ុស្តិ៍ CNews នៅព្រឹកថ្ងៃសុក្រ លោក Darmanin ក៏បាននិយាយផងដែរថា មានភ្លើងឆេះចំនួន ៩០៣ នៅតាមដងផ្លូវក្នុងទីក្រុងប៉ារីស ក្នុងអំឡុងពេលថ្ងៃនៃការតវ៉ាដ៏ហិង្សាបំផុតចាប់តាំងពីពួកគេបានចាប់ផ្តើមនៅក្នុងខែមករា។

លោក Darmanin បានបន្ថែមថា “មានបាតុកម្មជាច្រើន ហើយពួកគេខ្លះបានក្លាយទៅជាហិង្សា ជាពិសេសនៅទីក្រុងប៉ារីស” ដោយនិយាយថា ចំនួនការខូចខាតគឺ “ពិបាក” ខណៈពេលដែលលោកក៏បានសរសើរប៉ូលីសចំពោះការការពារមនុស្សជាងលាននាក់ដែលបានដើរជុំវិញប្រទេសបារាំង។

ប៉ូលីសបានព្រមានថា ក្រុមអនាធិបតេយ្យត្រូវបានគេរំពឹងថានឹងជ្រៀតចូលការហែក្បួននៅទីក្រុងប៉ារីស ហើយយុវជនដែលពាក់មួក និងរបាំងមុខត្រូវបានគេឃើញវាយកម្ទេចបង្អួច និងដុតបំផ្លាញសំរាមដែលនៅរាយប៉ាយនៅដំណាក់កាលចុងក្រោយនៃបាតុកម្ម។

រដ្ឋមន្ត្រីមហាផ្ទៃបារាំងដែលជាអ្នកប្រកាន់ស្តាំនិយមនៅក្នុងរដ្ឋាភិបាលកណ្តាលរបស់លោក Macron បានច្រានចោលការអំពាវនាវពីក្រុមបាតុករឱ្យដកកំណែទម្រង់ប្រាក់សោធននិវត្តន៍ដែលបានបញ្ជាក់ទៅសភាកាលពីសប្តាហ៍មុនក្នុងកាលៈទេសៈដ៏ចម្រូងចម្រាស៕

ប្រែសម្រួលៈ ណៃ តុលា

To Top