ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា លោក Jack Ma ស្ថាបនិកក្រុមហ៊ុន Alibaba Group Holding បានវិលត្រឡប់ទៅកាន់ប្រទេសចិនដីគោកវិញនាពេលថ្មីៗនេះ បន្ទាប់ពីបានធ្វើដំណើរទៅក្រៅប្រទេសអស់រយៈពេលជាង១ឆ្នាំ និងបានទៅទស្សនាសាលារៀនដែលលោកបានបង្កើតនៅទីក្រុង Hangzhou ផងដែរ ។
នៅថ្ងៃចន្ទនេះ លោក Ma បានជួបជាមួយគ្រូ និងសិស្សនៅសាលា Hangzhou Yungu ដែលជាសាលាឯកជនដែលមានពីថ្នាក់មត្តេយ្យដល់វិទ្យាល័យ ដែលត្រូវបានផ្តល់មូលនិធិដោយស្ថាបនិករបស់ក្រុមហ៊ុន Alibaba ក្នុងឆ្នាំ២០១៧ ។ នេះបើយោងតាមប្រភពដែលដឹងពីកាលវិភាគរបស់លោក Ma ។
យោងតាមការបង្ហោះលោក Ma បានពិភាក្សាជាមួយមហាវិទ្យាល័យរបស់សាលាអំពីអនាគតនៃការអប់រំនៅក្នុងយុគសម័យនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ហៅកាត់ថា (AI) ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ។ លោក Ma ត្រូវបានគេដកស្រង់សម្តីថា “យើងត្រូវប្រើ AI ដើម្បីដោះស្រាយបញ្ហា មិនមែនត្រូវបានគ្រប់គ្រងដោយ AI នោះទេ” ។
មហាសេដ្ឋីរូបនេះ បានថ្លែងទៀតថា បច្ចេកវិទ្យា ដូចជា ChatGPT បានបង្កបញ្ហាប្រឈមសម្រាប់អ្នកអប់រំ ហើយវាគ្រាន់តែជាការចាប់ផ្តើមនៃយុគសម័យ AI ប៉ុណ្ណោះ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សាលា ។ លោក Ma ដែលធ្លាប់ធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសមុនពេលបង្កើតក្រុមហ៊ុន Alibaba បានលើកឡើងថា ការបង្រៀន គឺជាវិជ្ជាជីវៈដែលគាត់ចូលចិត្ត ហើយគាត់សង្ឃឹមថា គាត់អាចត្រលប់ទៅបង្រៀនវិញនៅថ្ងៃណាមួយ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា