ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ថា មនុស្ស៣នាក់ត្រូវបាន គេរាយការណ៍ថា បានបាត់ខ្លួនបន្ទាប់ពីនាវាដឹកប្រេងបានឆេះនៅឆ្នេរសមុទ្រនៃខេត្ត West Nusa Tenggara របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ ។
លោក Wahyu Efendi ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្តបានលើកឡើងថា នាវានេះត្រូវបានដំណើរការ ដោយក្រុមហ៊ុនប្រេងរដ្ឋរបស់ឥណ្ឌូនេស៊ី ឈ្មោះថា PT Pertamina ហើយឧបទ្ទវហេតុនេះបានកើតឡើង នៅក្រៅឆ្នេរសមុទ្រនៃកន្លែងស្តុកប្រេងរបស់ក្រុមហ៊ុនដែលមានទីតាំងនៅទីក្រុង Mataram នៃខេត្តខាងលើ ។
គាត់បានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួតាមទូរស័ព្ទថា “យើងបានទទួលព័ត៌មានអំពីឧបទ្ទវហេតុនេះ នៅម៉ោង៣ និង៤០នាទីរសៀល ម៉ោងក្នុងស្រុក ។ មានមនុស្សចំនួន១៧នាក់នៅលើនាវានោះ ហើយ១៤នាក់ត្រូវបាន ជួយសង្គ្រោះ ប៉ុន្តែ៣នាក់ផ្សេងទៀតនៅតែបាត់ខ្លួន” ។
លោក Efendi បានបញ្ជាក់ថា “យើងនឹងបន្តការស្វែងរកអ្នកបាត់ខ្លួននៅថ្ងៃចន្ទនេះ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា