អង់ការ៉ា ៖ ក្រសួងការបរទេស របស់ប្រទេសតួកគី បានកោះហៅឯកអគ្គរដ្ឋទូតបារាំង ដើម្បីថ្កោលទោស ព្រឹទ្ធសភាបារាំង ចំពោះការទទួលសមាជិកនៃក្រុមឃឺដស៊ីរីពីរដែលទីក្រុងអង់ការ៉ា ចាត់ទុកថាជាក្រុម “ភេរវករ” ។
មន្ត្រីក្រសួងបានប្រាប់លោក Herve Magro ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅតួកគីថា ទីក្រុងអង់ការ៉ា “ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការធ្វើជាម្ចាស់ផ្ទះ របស់ព្រឹទ្ធសភាបារាំង ចំពោះសមាជិក នៃអង្គភាពការពារប្រជាជនឃឺដស៊ីរី (YPG) និងអង្គភាពការពារស្ត្រី (YPJ) និងការផ្តល់រង្វាន់ដល់ពួកគេដោយ ” មេដាយនៃកិត្តិយស” ។
ប្រភពបានឲ្យដឹងថា ទីក្រុងអង់ការ៉ា រំពឹងថាអាជ្ញាធរបារាំង “មិនផ្តល់កិត្តិយសដល់កិច្ចខិតខំប្រឹងប្រែងដែលផ្តល់ភាពស្របច្បាប់អន្តរជាតិ” ដល់ក្រុមទាំងនេះ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានឲ្យដឹងទៀតថា តួកគី បានស្នើសុំអាជ្ញាធរបារាំង សម្រាប់ “ការគាំទ្រសម្រាប់សន្តិសុខ នៃព្រំដែនរបស់ខ្លួន និងប្រជាជនតួកគី ក៏ដូចជាការការពារការរួបរួម និងបូរណភាពទឹកដីរបស់ប្រទេសស៊ីរី និងបង្ហាញពីសាមគ្គីភាពស្រប តាមស្មារតីនៃសម្ព័ន្ធភាព” ។
ទីក្រុងអង់ការ៉ា ចាត់ទុក YPG ជាសាខាស៊ីរីនៃគណបក្សពលករឃឺដ (PKK) ដែលមិនស្របច្បាប់ ។ PKK ដែលត្រូវបានចុះបញ្ជីជាអង្គការភេរវករដោយតួកគី សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានបះបោរប្រឆាំង នឹងរដ្ឋាភិបាលតួកគី អស់រយៈពេលជាង ៣ទសវត្សរ៍មកហើយ ។
ការគាំទ្ររបស់បារាំង ចំពោះក្រុមសកម្មប្រយុទ្ធឃឺដ ក្នុងប្រទេសស៊ីរី បានបង្កភាពតានតឹងរវាងក្រុងអង់ការ៉ា និងប៉ារីសអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ បារាំងជាអ្នករិះគន់ដោយ និយាយមិនចំ ចំពោះការលុកលុយ របស់តួកគីចូលស៊ីរី៕
ប្រែសម្រួល ឈូក បូរ៉ា